បង្ហាញមុខជនសង្ស័យ ជាជនជាតិចិន២នាក់ ដែលបាញ់ជនជាតិចិនដូចគ្នា
ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ខែកញ្ញានេះ បានធ្វើសន្និសីទកាសែត បង្ហាញមុខជនសង្ស័យជាជនជាតិចិន២នាក់ ដែលបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់នៅក្រុងព្រះសីហនុ ក្រោយនគរបាលចាប់ខ្លួនបាន និងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម។
នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន២នាក់ កាលពីម៉ោងជិត១១យប់ ថ្ងៃទី៥ ខែកញ្ញា ២០១៨ នៅក្នុងក្រុងព្រះសីហនុ ដែលជាជនដៃដល់ធ្វើសកម្មភាព ប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។
ជនសង្ស័យ ទាំង២នាក់៖ ១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
ចំណែកជនរងគ្រោះចំនួន ៤នាក់ ៖ ១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។ ៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។ ៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។
ជនរងគ្រោះទាំង ៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ កក្កដា ២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។
សូមបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារទៅលើជនរងគ្រោះ ពេលកំពុងផឹកស៊ីនៅក្នុងហាង ស៊ីហ៊ូ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសលើដងខ្លួន និងជើង រួចបានរត់គេចខ្លួន តែទីបំផុតត្រូវបានសមត្ថកិច្ច ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
តាមចម្លើយសារភាពបឋម ក្រុមជនសង្ស័យឲ្យនគរបាលដឹងថា ពួកគេខឹងនឹងជនរងគ្រោះ ដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវៀចៗបែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣.៨០០ដុល្លារ ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដី ស្ថិតនៅក្រុម២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ៕