ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យសិស្សប្រឡង បាក់ឌុបដែលមាន ជំងឺកូវីដ-១៩ អាចប្រឡងបានពីមន្ទីរព្យាបាល

367

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យក្រសួងអប់រំ រៀបចំអនុញ្ញាតដល់សិស្សទី១២ ដែលមានផ្ទុកជំងឺកូវីដ-១៩ត្រូវ ប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបអាចប្រឡង បានដោយគ្រាន់តែឱ្យពួកគេ ប្រឡងនៅតាមមន្ទីរព្យាបាល ជំងឺរបស់គេផ្ទាល់។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេស អូស្ត្រាលីនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសិស្សដែល មានផ្ទុកជំងឹកូវីដ-១៩គឺអាចប្រឡងបានដូចសិស្សធម្មតា តែគ្រាន់តែលក្ខខន្តគឺត្រូវប្រឡង នៅមន្ទីរសម្រាកព្យាបាលរបស់ ពួកគេដោយមានអនុរក្ស និងមន្ត្រីសុខាភិបាលពិនិត្យនៅ កន្លែងផ្ទាល់។

សម្ដេចតេជោថ្លែងថា៖ «ខ្ញុំក៏ស្នើថាកុំឱ្យយក វិទ្យាល័យបាក់ទូក។ ដែលមុននេះគ្រោងប្រឡង នៅវិទ្យាល័យបាក់ទូក ធ្វើឱ្យមានការស្លន់ស្លោ។ យើងមិនយកសិស្សទាំងពីររូបនេះ ដែលបានចេញទៅប្រកួតនៅ ខាងក្រៅដោយមានការចាត់តាំង ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅ មណ្ឌលវិទ្យាឡ័យបាក់ទូកទេ! ក៏ប៉ុន្ដែយើងនឹងរៀបចំចាត់ចែង ឱ្យមានការប្រឡងនៅនឹង មន្ទីរពេទ្យតែម្ដងដោយមានគ្រូពេទ្យ សាស្ត្រាចារ្យ ចូលទៅធ្វើការពិនិត្យនៃ ការប្រឡងនោះ» ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់EAC News ថា សិស្សទាំងពីរនាក់នោះ ត្រូវបានរដ្ឋាភិបាលបញ្ចូន ទៅប្រកួតការ៉ាតេដូ នៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មក ដល់ប្រទេសកម្ពុជាកាល ពីពេលថ្មីៗនេះត្រូវបាន រកឃើញវិជ្ជមានកូវីដ-១៩។ លោកបន្ថែមថាពេលនេះ សិស្សទាំងពីរនាក់នោះ កំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកូវីដ-១៩ មួយកន្លែង ហើយនាថ្ងៃប្រឡងស្អែកនេះ នឹងត្រូវប្រឡងនៅទីនោះ ដោយផ្ទាល់ផងដែរ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង