នៅព្រឹកនេះ ចាប់ផ្តើម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទប់ប្រឡងចំនួន ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរាជធានីភ្នំពេញ ខេត្តទូទាំងប្រទេស ត្រូវបើកទ្វារស្វាគមន៍បេក្ខជនជាង ១១ម៉ឺននាក់។ មុនពេលចូលបន្ទប់ប្រឡង ក្រុមអនុរក្សបានឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទមុនចូលក្នុងមណ្ឌលប្រឡង។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកនេះ។
ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ដោយឡែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។
ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី២វិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល៦០នាទី និងជីវវិទ្យា រយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី២វិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ រយៈពេល៩០នាទី និងរូបវិទ្យា រយៈពេល៩០នាទី និងពេលរសៀល គណិតវិទ្យា រយៈពេល១៥០នាទី។
រយៈពេលប្រឡង២ថ្ងៃ ស្មើនឹង៦៣០នាទី មានរបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ៥០០ ដក២៥ រួចចែកនឹង២ស្មើនឹង២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ។
ការកំណត់និទ្ទេសមាន៥ កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម៖
* និទ្ទេស A ល្អប្រសើរ = ពិន្ទុសរុប គុណនឹង ០.៩
* និទ្ទេស B ល្អណាស់ = ពិន្ទុសរុប គុណនឹង ០.៨
* និទ្ទេស C ល្អ = ពិន្ទុសរុប គុណនឹង ០.៧
* និទ្ទេស D ល្អបង្គួរ = ពិន្ទុសរុប គុណនឹង ០.៦
* និទ្ទេស E មធ្យម = ពិន្ទុសរុប គុណនឹង ០.៥។
សូមជម្រាបថា ក្រសួងអប់រំ កំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ។
ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងថា “យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករ០២រូបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។”
នៅថ្ងៃ ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក។
ដោយឡែក បេក្ខជនប្រលងបាក់ឌុបចំនួន០២រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដឹកពីសាលារាជធានី-ខេត្ត និងសាលាស្រុកទៅកាន់មណ្ឌលប្រឡងទាំងអស់ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន-អនុប្រធានមណ្ឌល អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ គឺ- ថ្នាក់វិទ្យាសាស្រ្ត និង- ថ្នាក់វិទ្យាសាស្រ្តសង្គម៕