ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យសេនា ប្រាប់មហាជនពីមូលហេតុនៃការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក

177


ភ្នំពេញ៖ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការតែងតាំងមេទ័ពកំពូលថ្មីចំនួន៣រូប ឱ្យចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៦នេះ គឺដើម្បីពង្រឹងខឿនការពារជាតិ ឲ្យកាន់តែប្រសើរឡើង មិនមានបញ្ហាផ្ទៃក្នុងនៃជួរកងទ័ពអ្វីនោះទេ។ ជាពិសេសការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមេបញ្ជាការកងទ័ពជើងគោកនោះ គឺគ្មានរងនូវឥទ្ធិពលរបស់ឪពុកនោះទេ គឺដោយសារសមត្ថភាពជាក់លាក់ សមស្របជាទីបំផុតក្នុងពេលបច្ចុប្បន្ននេះ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា​​ ការ​ប្រកាស​តែង​តាំង​មុខ​តំណែង​នា​ពេល​នេះ ​គឺ​ដើម្បី​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​វេលា ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​កងយោធពលខេមរភូមិន្ទ ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ។​ សម្តេច​ពិជ័យ​បាន​បញ្ជាក់​ទៀត​ថា ​បន្ទាប់​ពី​ធ្វើ​ពិធី​ប្រកាស​តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ ​និង​កង​ទ័ព​ជើង​គោក​នេះ​ទៅ ​ត្រូវ​បន្ត​ធ្វើ​ពិធី​បែង​ចែក​ភារកិច្ច​បន្ត​ទៀត ​ទាំង​នៅ​អគ្គបញ្ជាការ​ និង​កង​ទ័ព​ជើង​គោក ​ដើម្បី​បំពេញ​ការ​ងារ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព។​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​យើង ​គឺ​ជា​ភារកិច្ច​ស្នូល​ចាំ​បាច់​បំផុត ​ដើម្បី​អោយ​មាន​ភាព​រីក​ចំរើន ​និង​រឹង​មាំ​ក្នុង​កងយោធពលខេមរភូមិន្ទ។​

ដើម្បីជម្រះមន្ទិលរបស់មហាជនពាក់ព័ន្ធនឹងការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមេបញ្ជាការកងទ័ពជើងគោកនោះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងដ៏ស័ក្តិសមបំផុត ហើយការតែងតាំងនេះទៀតសោតមិនដោយសារតែឥទ្ធិពលឪពុកជានាយករដ្ឋមន្ត្រីនោះទេ តែដោយសារតែលោក ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់លើការងារក្នុងជួរកងទ័ព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា “ទាំងអ្នកចាស់ ទាំងអ្នកថ្មី សុទ្ធតែបានយក់យ៉ាងច្បាស់ចំពោះកិច្ចការទាំងនេះ ហើយខ្ញុំមិនមានអ្វីដែលហៅថា អើចំពោះអ្វីដែលអ្នកនិយាយវិភាគ ទៅអីចេះទៅអីចុះ ជារបៀបមួយផ្សេងនោះទេ ។ អ្នកខ្លះបានហៅការបូកបញ្ចូលពីឥទ្ធិពលរបស់ឪពុក ប៉ុន្តែគេអត់បានមើលពីសមត្ថភាព របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាក់លាក់ទេ ប៉ុន្តែបើគេបានមើលហើយ គេត្រូវតែដឹង និងត្រូវទទួលស្គាល់ ។ ចំពោះកងយោធពលខេមរភូមិន្ទ ទាំងអស់គឺសុទ្ធសឹងតែទទួលស្គាល់ អំពីសមត្ថភាព និងកិច្ចការទាំងឡាយរបស់គេ ដែលបានធ្វើក្នុងរយៈពេលកន្លងមកហ្នឹង យ៉ាងល្អប្រសើរគ្រប់កិច្ចការងារទាំងអស់ ដែលបានសាកល្បង និងដឹកនាំការងារហ្នឹង គឺទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយវាជាទីសមរម្យណាស់ សមរម្យជាទីបំផុត ដែលទៅកាន់ជាមេបញ្ជាការកងទ័ពជើងគោកនេះ គឺចាត់ទុកថា ជាកម្លាំងមានសមត្ថភាពរបៀបនេះ ទើបយើងចាត់ទុកថាកិច្ចការងារនេះ បើទោះបីជានរណាចង់ថាយ៉ាងម៉េចក៏ដោយ ប៉ុន្តែទូទាំងកងយោធពលខេមរភូមិន្ទ មានការឯកភាពខ្ពស់ ហើយទទួលស្គាល់តួនាទីនេះសមស្របជាទីបំផុតចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ”។

សម្តេច ទៀ បាញ់ បានថ្លែងថា៖ ការរកប្រសិទ្ធភាពការងារនេះ លុះត្រាតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ឲ្យវាសមស្របដែរ។ ដោយសារថា អគ្គមេបញ្ជាការចាស់គាត់ទៅកាន់តួនាទីថ្មី នៅក្នុងរដ្ឋាភិបាល យើងដឹងហើយតួនាទីដ៏ធំ គួរសមដែរ គឺជាទេសរដ្ឋមន្ត្រី ទទួលកិច្ចការងារពិសេស។

សម្តេចពិជ័យសេនា បានបញ្ជាក់បន្តថា យើងត្រូវរៀបចំនិរន្តរភាពការងារតាមស្ថានប័ននីមួយៗ នៅក្នុងរចនាសម្ព័ន្ធរបស់កងទ័ព វាតោងតែរៀបចំរបៀបនេះតែម្តង។ ហេតុនេះ ការរៀបចំឡើងវិញនូវអគ្គបញ្ជាការ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងធម្មតាទេ គឺយើងរៀបចំឲ្យមានក្បាលម៉ាស៊ីនដឹកនាំ បញ្ជាដ៏ជាក់លាក់មួយ គឺមិនមានអ្វីចម្លែកទេ។ គ្មានរឿងអ្វីនៅក្នុងកងទ័ពទេ រឿងសំខាន់បំផុតយើងបង្កើនប្រសិទ្ធភាព ការងាររបស់យើងនៅក្នុងកងទ័ព ពង្រឹងកងទ័ពយើងឲ្យកាន់តែរឹងមាំ កាន់តែទទួលភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាពទៀត នៅពេលខាងមុខនេះ។

នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
នៅ​ក្នុង​ឱកាស​នោះ លោក នាយ​ឧត្តមសេនីយ៍ ​មាស​ សំអុល ​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ ​និង​ជា​នាយក ​នាយកដ្ឋាន​បុគ្គលិក​ ក្រសួង​ការពារ​ជាតិ ​បាន​ឡើង​អាន​ព្រះរាជ​ក្រឹត្យ​ របស់​ព្រះ​មហាក្សត្រ ដែល​ក្នុង​ព្រះរាជ​ក្រឹត្យ​បាន​តែង​តាំង ​និង​តម្លើង​ឋានន្តរស័ក្តិ​ជូន​ ឧត្តម​សេនីយ៍ឯក ​វង្ស ពិសេន ​អត្តលេខ ០០៣៥៧ ​ជា​អគ្គបញ្ជាការ​ នៃ​កង​យោធិពល​ខេមរ​ភូមិន្ទ​ និង​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ នាយ​ឧត្តមសេនីយ៍,​ ព្រះ​រាជា​ក្រឹត្យ​បាន​តែង​តាំង ​នាយ​​ឧត្តមសេនីយ៍​ ឥត ​សារ៉ាត់ ​អត្តលេខ​ ០០៣៣៤ ​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​ និង​តែង​តាំង​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ អត្តលេខ ​០៣៣៨៨៣ ​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​។​ ដោយ​ឡែក​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារជាតិ ​ស្តី​ពី​ការ​កែ​សម្រួល​ផ្ទេរ​ក្រប​ខ័ណ្ឌ​អង្គភាព​​កងយោធពលខេមរភូមិន្ទ បាន​​ប្រកាស​​ធ្វើ​ការ​កែ​សម្រួល​​ ផ្ទេរ​ក្រប​ខ័ណ្ឌ​កង​ពល​ធំ​អន្តរាគមន៍ ​និង​កង​ពល​តូច​អន្តរាគមន៍ ​ពី​អគ្គបញ្ជាការ​ដ្ឋាន ​មក​ចំណុះ​ផ្ទាល់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ដែល​ក្នុង​នោះ​រួម​មាន ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ កង​ពល​តូច​អន្តរាគមន៍​លេខ​១ ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ​៩១១​ និង​កង​ពល​តូច​លេខ​៧០​៕

អត្ថបទដែលជាប់ទាក់ទង