នគរបាលខេត្តកំពង់ធំ ឆ្មក់បង្ក្រាបទីតាំង ជួញដូរផ្លូវភេទ នៅឃុំសូយោង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសង្គ្រោះជនរងគ្រោះចំនួន១០នាក់
កំពង់ធំ ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកតាំងគោក ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសូយោង ឃុំ សូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នាវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២១ ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ និងសង្គ្រោះជនរងគ្រោះចំនួន១០នាក់ ក្នុងនោះអនីតិជនចំនួន០៧នាក់ បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងនីតិវិធីចាត់ការបន្ត ៕