គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិអូរគគី កត់ត្រាបានសត្វព្រៃចំនួន៧៦ ប្រភេទ នៅចុង ឆ្នាំ២០២១នេះ
ភ្នំពេញ៖ តាមការបញ្ជាក់ឲ្យដឹងពី អង្គការ Bird Life នៅរសៀលថ្ងៃ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា សហគមន៍តំបន់ការពារធម្មជាតិ អូរគគី មានទីតាំងនៅដែនជម្រក សត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី ។
ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិអូរគគី ដែលមានការចូលរួម ពីសមាជិកជាស្រ្តីផងនោះ បានធ្វើសកម្មភាពចុះល្បាត សរុបចំនួន៩លើក ដោយក្នុងមួយលើកមានចំនួន៣ ថ្ងៃ និង២យប់ ធ្វើការកត់ត្រាបានសត្វព្រៃ ៧៦ ប្រភេទ ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ខ្លួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា គោលបំណងនៃការចុះល្បាតនេះ គឺដើម្បីទប់ស្កាត់នូវបទល្មើសធនធានធម្មជាតិ និង អង្កេតតាមដានទីជម្រក និងប្រភេទសត្វកម្រជិតផុតពូជ ដែលមានវត្តមាននៅក្នុង សហគមន៍តំបន់ការពារធម្មជាតិអូរគគី ។
ជាក់ស្តែងគណៈកម្មការសហគមន៍ទិន្នន័យ សត្វព្រៃសរុប៧៦ប្រភេទ ក្នុងនោះមានប្រភេទ សត្វងាយរងគ្រោះ ដូចជាក្ងោក ត្រដក់តូច កេង កងធំ ត្រសេះដំរី ព្វាំង និងស្វាព្រាមជាដើម។ ការដាក់អន្ទាក់ ការទន្រ្ទានដី ការនេសាទខុស ច្បាប់ គឺជាកត្តាគំរាមកំហែង ដែលបាននិងកំពុងកើនឡើង។ តាមរយៈនៃការកត់ត្រានេះបានបង្ហាញថា សហគមន៍នេះជាទីតាំង ដ៏សំខាន់មួយក្នុងការគំាទ្រជីវចម្រុះ ដោយឡែកសមត្ថភាពអង្កេត តាមដានជីវចម្រុះ របស់គណៈកម្មការ សហគមន៍ក៏មានកើនឡើងផងដែរ។
សហគមន៍តំបន់ការពារធម្មជាតិ អូរគគី ក៏បានថ្លែងអំណរគុណដល់អង្គការ Bird Life និង Young Conservation Leade rship Programme ដែលបានឧបត្ថម្ភថវិការសម្រាប់សកម្មភាពអភិរក្ស និង កសាងសមត្ថភាព ដើម្បីទប់ស្កាត់នូវបទល្មើស ធនធានធម្មជាតិ និង អង្កេតតាមដានសត្វព្រៃ នៅតំបន់អភិរក្សនេះ ៕ សំរិត