សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យដាក់ ទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា តែមិនឈប់សម្រាក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានស្នើឲ្យពិនិត្យ និងដាក់ ទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីរំលឹកដល់ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា និងនាំម កនូវសន្ដិភាពពេញផ្ទៃប្រទេស ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីដាក់ក្នុងប្រតិទិន រំលឹកដល់ «ទិវានយោបាយឈ្នះឈ្នះ» ក៏ពិតមែន ប៉ុន្ដែមិនតម្រូវឲ្យឈប់សម្រាកនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ មានប្រសាសន៍បែបនេះថា ខ្ញុំចង់ស្នើឲ្យពិនិត្យថា យើងអាចដាក់ចូលទៅក្នុងប្រតិទិន ប៉ុន្ដែមិនមែនជាការសម្រាកប្រចាំឆ្នាំទេ។ ឆ្នាំក្រោយការបោះប្រតិទិនដាក់ថា [អបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឬអបអរសាទរនៃនយោបាយឈ្នះឈ្នះ] ដើម្បីឲ្យដឹងថា ថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងសម្រេចបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្ដិភាព។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាពពេញផ្ទៃប្រទេស គ្មានតំបន់ត្រួតត្រាច្រើន មិនមែនជារឿងតួចតាចនោះទេ ពោលជារឿងធំណាស់។ សម្ដេចបានចោទសួរថា តើប្រទេសប៉ុន្មានទៅនៅលើពិភពលោក ដែលកំពុងបន្ដមានសង្គ្រាម? ខណៈកម្ពុជា រយៈពេល២៣ឆ្នាំមកនេះ គ្មានសង្គ្រាមនោះទេ ហើយបានបង្កឱកាសឲ្យកសាងសេដ្ឋកិច្ចសង្គម អត្រានៃភាពក្រីក្រធ្លាក់ចុះ កំណើតសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំជាប់គ្នា។
បើទោះបីមិនអនុញ្ញាតឲ្យឈប់សម្រាកក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវរៀបចំពិធីអបអរសាទរ «ទិវានយោបាយឈ្នះឈ្នះ» ជារៀងរាល់ឆ្នាំ នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតគូសរំលេចបន្ថែមដែរថា អ៊ុនតាក់ បានចំណាយលុយប្រមាណ២ពាន់លានដុល្លារ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា សំដៅបញ្ចប់សង្គ្រាមផ្ទៃក្នុង ប៉ុន្ដែការនេះមិនសម្រេចនោះទេហើយអ៊ុនតាក់ បានដកកងទ័ពចេញពីកម្ពុជា ដោយបន្សល់ទុកនៅសង្គ្រាមដដែល។ សម្ដេចអះអាងថា មានតែនយោបាយឈ្នះឈ្នះរបស់សម្ដេចប៉ុណ្ណោះ ដែលបញ្ចប់សង្គ្រាមបានទាំងស្រុងនៅទូទាំងផ្ទៃប្រទេសកម្ពុជា។
សូមជម្រាបថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល២៣ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព៕