សម្ដេចក្រឡាហោម សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យជាតិ បាត់ដំបង
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅសាលសាកលវិទ្យាល័យ ជាតិបាត់ដំបង ខេត្តបាត់ដំបង
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១. ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីសវតា និងបុព្វហេតុនៃការបង្កើត សាកលវិទ្យាល័យជាតិបាត់ដំបង និងបានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានខិតខំកសាងសមិទ្ធផលនានាជូនជាតិ និងប្រជាជន ក្នុងនោះរួមទាំងសមិទ្ធិផលសាលារៀនគ្រប់កម្រិតនៅតាមមូលដ្ឋានដើម្បីផ្ដល់ឱកាសឱ្យកូនចៅរបស់ប្រជាពលរដ្ឋបានសិក្សារៀនសូត្រក្លាយជាធនធានមនុស្សល្អក្នុងសង្គមជាតិ។ សម្ដេចក៏បានឆ្លៀតលើកឡើងពីការបង្កើតមណ្ឌលយុវនីតិសម្បទាជាលើកដំបូងនៅស្រុកកណ្ដាលស្ទឹងដែលបានសម្ពោធកាលពីថ្ងៃម្សិលមិញ ដើម្បីគ្រប់គ្រង់និងអប់រំកែប្រែអនីតិជនប្រព្រឹត្តល្មើសច្បាប់ឱ្យក្លាយជាយុវជនល្អវិញដែលនេះក៏ជាការយកចិត្តទុកដាក់ចំពោះយុវជនដែលជាទំពាំងស្នងឬស្សី។ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ លោក បណ្ឌិត្យសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង លោក សុខ ឃន សាកលវិទ្យាធិការ ព្រមទាំងសាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានផ្ដល់ការគាំទ្រខ្ពស់ និងខិតខំបំពេញភារកិច្ចមិនខ្លាចហត់នឿយធ្វើឱ្យសាកលវិទ្យាល័យ ជាតិបាត់ដំបងសម្រេចបានវឌ្ឍនភាពជាច្រើន ពិសេសនៅក្នុងដំណើរ ការកំណែទម្រង់អស់រយៈពេលជាងមួយឆ្នាំមកនេះ។
សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិ ព្រមទាំងភាគីដៃគូផ្សេង ទៀត ដើម្បីលើកកម្ពស់គុណភាពនៃការសិក្សាឱ្យត្រូវតាមស្តង់ដារគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជា មួយគ្នាទៅវិញទៅមក។ សម្ដេចក៏បានណែនាំ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជួយសម្របសម្រួលឱ្យសាកលវិទ្យាល័យជាតិបាត់ដំបងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាសុីមកំចាយមារផងដែរ ៕ សំរិត