ខួបរំលឹក២៣ឆ្នាំ នៃទិវាការបញ្ចប់សង្គ្រាម នៅកម្ពុជា អង្គភាពសុីម៉ាក់ តាំងពិរពណ៌ប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ខួបរំលឹក២៣ឆ្នាំ នៃទិវាការបញ្ចប់សង្គ្រាម នៅកម្ពុជាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពសុីម៉ាក់ចូលរួម តាំងពិរពណ៌ប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងអតីតសមរភូមិសង្គ្រាមប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ ហេីយចំនុចស្ថិតក្បែរព្រំដែនថៃ នៃស្រុកម៉ាឡៃនេះ ជាទីតាំងទីបញ្ជាការដ្ឋានយ៉ាងរឹងមាំមួយ របស់មេដឹកនាំខ្មែក្រហម ប៉ុល ពត ឈរជេីងតែម្តង និងជាកន្លែងសម្រាប់ទទួលសារតាំងនានាផងដែរ។
ឯកឧត្តមហេង រតនា បានបន្តថា ក្រោយសង្គ្រាមបានបញ្ចប់ តំបន់បឹងជង្រុកម៉ាឡៃ បានក្លាយពីសមរភូមិសង្គ្រាមប្រដាប់អាវុធដណ្តេីមអំណាច ទៅជាសមរភូមិសង្គ្រាមជម្លោះ ដណ្តេីមកាន់កាប់ដីធ្លីយ៉ាងរ៉ាំរ៉ៃវិញម្តង។ កាលសង្គ្រាមខ្ពេីមដី ព្រោះតែដីគ្មានតម្លៃនិងសំបូរគ្រាប់មីនណាស់ តែសម័យសន្តិភាព ដីមានតម្លៃក្លាយជាដីមាសដីពេជ្រជម្លោះ រវាងអ្នកលោភលន់និងប្រជាពលរដ្ឋមូលដ្ឋានជាអតីតបងប្អូនខ្មែរក្រហមផង និងអ្នកចំណូលថ្មីផង។ បេីសិនជាសម័យខ្មែរក្រហមវិញ អ្នកចំណូលថ្មីដឹងតែ យកទៅសម្លាប់ចោលហ្នង គ្មានឱកាសឈ្លោះដណ្តេីមដីស្អីនោះទេ! ។
អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានខិតខំដឹកនាំដោះស្រាយទំនាស់ដីធ្លី នៅបឹងជង្រុកនេះ និងប្រែក្លាយតំបន់បឹងជង្រុកនេះ ជាតំបន់អភិវឌ្ឍន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រជាពលរដ្ឋជិត១៥០០គ្រួសារ ប្រកបដោយជោគជ័យ។
ជាក់ស្តែង យុវជនម៉ាឡៃ ដែលកំពុងរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដែលអ្នខ្លះ ឱពុកម្តាយជាជនពិការ ដោយសារសង្គ្រាម សូម្បីប្រធានក្រុមប្រឹក្សាឃុំទួលពង្រនេះ ក៏ពិការជេីងម្ខាង ដោយសារគ្រាប់មីនដែរ! តែយុវជនយេីងមួយចំនួនធំ ចាប់អារម្មណ៍ជាមួយប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ខ្លាំងណាស់ដែរ ព្រោះថា ឮតែឪពុកម្តាយពូមីង និទានជារឿងប្រាប់!! ៕