អាជ្ញាធរខណ្ឌទួលគោក ជំរុញឱ្យកម្លាំងមានសមត្ថកិច្ច និងកម្លាំងសណ្ដាប់ធ្នាប់ ពង្រឹងការងារ ដើម្បីបំរើពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ នៅឆ្នាំ២០២២
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច ពិសេសកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌត្រូវបន្តចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវលេខ២៤៥ និងផ្លូវលេខ២៣០ នៅក្នុងសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ខណៈដែលកំណាត់
ផ្លូវទាំង២ខ្សែនេះ នៅតែមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករមួយចំនួន រំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈនិងទ្រូងផ្លូវដើម្បីធ្វើអាជីវកម្ម។ការជម្រុញបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣០ធ្នូ២០២១នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមអធិបតីភាព លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក
និងលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក តំណាងអោយលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក។
លោក ចាន់ បណ្ឌិត បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌគោក ធ្វើការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អនៅក្នុងមូលដ្ឋានរបស់ខ្លួនពិសេសលើកំណាត់ផ្លូវលេខ២៤៥និងផ្លូវលេខ២៣០ នៅក្នុងសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរនៃខណ្ឌទួលគោក ដោយសារតែផ្លូវទាំង២ខ្សែនេះ បងប្អូនអាជីវករមួយចំនួននៅតែរំលោភយកទាំងចិញ្ចើមនិងទ្រូងផ្លូវដើម្បីធ្វើអាជីវកម្មលក់ដូរ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរនូវឡើយ។
ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោកម៉ែន សិរី ក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទួលគោក ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនិងល្អប្រសើរ លើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លើការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេស ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទួលគោក បានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់នូវជំងឺ-១៩នេះបានយ៉ាងល្អប្រសើរ រហូតឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈជាស្ថាពរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏នៅតែជំរុញឲ្យអាជ្ញាធរនិង កម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខណ្ឌទួលគោកទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងអោយអស់លទ្ធភាពបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខនេះ៕