ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យចរាចរស្ពានអាកាស និងផ្លូវក្រោមដីចោមចៅថ្មីបន្ថែម១ខ្សែទៀត ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១នេះតទៅ

74

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាស និងផ្លូវក្រោមដីចោមចៅថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹកតទៅ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បី សម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះឱ្យបានល្អប្រសើរ

   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បី សម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹកតទៅ ស្ពានកំណោងថ្មីនេះ មានប្រវែង២០០ម៉ែត្រ ទទឹង ,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរ ពីមហាវិថីចោមចៅឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

  រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសហការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ដោយសេចក្ដីអនុគ្រោះ

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

 

អត្ថបទដែលជាប់ទាក់ទង