ក្រសួងការបរទេស ប្រកាសពីលទ្ធផល នៃសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសន្និសីទកាសែតមួយ ដើម្បីផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅទីស្តីការក្រសួងការបរទេស។
កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និង លោកបណ្ឌិត ឌី ខាំបូលី តំណាងរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។ កម្មវិធីផ្តល់ព័ត៌មានខាងលើ ត្រូវបានចូលរួមដោយអង្គទូត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មាននៅក្នុងប្រទេស ហើយដែលនៅចុងបញ្ចប់កម្មវិធី គឺកម្មវធីសំណួរ-ចម្លើយ ដោយអង្គទូត និងអ្នកសារព័ត៌មាន។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីចង្កោម ចំនួនបួននៃបញ្ហាប្រឈម ដែលមានផលប៉ះពាល់ ជាយុទ្ធសាស្ត្រមិនត្រឹមតែនៅក្នុងអាស៊ាន រួមមាន តម្រូវការចាំបាច់បន្ទាន់ដើម្បីសម្រេច បាននូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញ ពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែល មានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីអាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍ សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួម ចំណែកតំបន់ចំពោះសន្តិភាព ពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ការយកចិត្តទុកដាក់ជាបន្ទាន់នេះ គឺដើម្បីបន្ធូរបន្ថយស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានឯកភាពនៅ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ និងគោលការណ៍តម្រង់ទិសនៃធម្មនុញ្ញអាស៊ាន។
កម្ពុជា ក៏មានបំណងបញ្ចប់ដំណើរការនៃ ការទទួលយកប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពីផែនការរៀបចំ ព្រឹត្តិការណ៍អមធំៗចំនួនពីរ រួមមាន កិច្ចសន្ទនាជាសកលរបស់អាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដីអាស៊ានលើកទី២ ស្តីពីសហគ្រិនភាព។
អាទិភាពសំខាន់ៗមួយចំនួនក្រោម សរសរស្តម្ភសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលត្រូវបានគូសបញ្ជាក់នៅ ក្នុងកម្មវិធីការផ្តល់ព័ត៌មាន មានដូចជា ការធានាបាននូវការ អនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើមនានា សម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការដាក់ឱ្យអនុវត្តភាពជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលមានស្រាប់ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងការលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមស្ត្រី ជំរុញការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការនៅ ក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពង្រឹងការការពារសុខភាព សុខុមាលភាព និងសង្គមរបស់ ប្រជាជនអាស៊ាន៕