គំនិតឡឺកឺ ៖ ជោគជ័យ នៃការចរចា
ភ្នំពេញ ៖ ការចរចាគឺជាវិធីមួយដើម្បីបញ្ចប់ជម្លោះ ដោយអហឹង្សា ទោះជាការចរចានោះ ជាការចរចាសម្រាប់បញ្ចប់សង្គ្រាម ឬ បញ្ចប់ការវិវាទ
រវាងគ្រួសារដែលនៅ ផ្ទះភូមិផងរបងជាមួយគ្នាក៏ដោយ ។
គ្រប់ការចរចាវាមិនមែនសុទ្ធតែ ដោះស្រាយបញ្ហាបានទាំងអស់នោះទេ ផ្ទុយទៅវិញមានការចរចាខ្លះ វាកាន់កែបង្កើនកំដៅ នៃជម្លោះក៏មានដែរ ។ ជាក់ស្ដែងការចរចា រវាងប្រធានាធិបតីកូរេខាងជើង លោកគីម ជុងអ៊ុន ជាមួយអតីតប្រធានាធិបតីអាមេរិក មិនបានធ្វើឲ្យប្រទេស
ទាំង២នេះ បញ្ចប់ភាពប្រទូស្តរាយ បាននោះឡើយ ។
ខ្លះទំនាស់រឿងព្រំដី ឬ រឿងគេរំលោភ យកដីនិយាយពីខំដោះស្រាយ ដោយនិយាយគ្នា តាមសម្រួល បន្ទាប់មកឈានទៅជេរគ្នាទៅ
វិញទៅមក ហើយចុងក្រោយប្ដឹង ទៅអាជ្ញាធរជួនកាល ឈានទៅដល់តុលាការ ទៅទៀតនៅមិនចង់ចប់ ។
ធ្វើម៉េចនឹងចប់បើម្ខាងៗ សុទ្ធតែកេងយកចំណេញ ពីការចរចារៀងៗខ្លួន ឯ ខ្លះមិនមែន មកចរចានោះឡើយ តែមកបញ្ជាគេតែម្ដង
ខ្លះទៅកោរគេសុទ្ធសាធ ដោយអាងតែខ្លួនជាប្រទេសធំ នោះធ្វើម៉េចនឹងអាចចរចាត្រូវគ្នាបានទៅ ។ ចុងក្រោយទាំងសងខាង បានត្រឹមតែដកថយរៀងៗខ្លួន ហើយបើពីមុនធ្លាប់ច្បាំងគ្នា គឺនៅច្បាំងដដែល ហើយបើពីមុនធ្លាប់ព្រលឹមឡើង ជេរបញ្ចោរគ្នាគឺនៅតែជេរដដែល ។
អញ្ចឹងហើយទើបបានជាអ្នក ដែលធុញទ្រាន់នឹងការចរចានោះ បាននិយាយថា មធ្យោបាយដែលខ្លាំងពូកែ តែមួយគត់ ដើម្បីយកជ័យជំនះ ក្នុងការចរចារនោះគឺ ក្រោកឈរហើយដើរចេញ ពីតុចរចាដោយមិនចាំបាច់ មានកិច្ចព្រមព្រៀង អ្វីក៏ទាំងអស់បានដែរ៕