ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងចិន រួមគ្នាសម្រេចឱ្យបាន នូវទិសដៅបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរ ដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣

51

 

ភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ទី១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរ ការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលប្រារព្ធនៅ សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ កិច្ចខិតខំប្រឹងប្រែង របស់សមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលបានផ្ដួចផ្ដើម និងបង្រួបបង្រួមសហគ្រិន អ្នកជំនាញ បញ្ញវន្ត និងនិស្សិតមកពីខេត្តជាំងស៊ូ ចូលរួមចំណែកក្នុងការភិវឌ្ឍសង្គម នៃប្រទេសទាំងពីរ កម្ពុជា ចិន។ សម្ដេចក្រឡាហោម ក៏បង្ហាញក្ដីសង្ឃឹមថានៅអាណត្តិទី២នេះ សមាគមនឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីប្រយោជន៍ កម្ពុជា និងចិន។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាពរបស់ សមាគមសហគ្រាសជាំងស៊ូ ដែលចាត់តាំងពី បានបង្កើតឡើង សមាគមមួយនេះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងសកម្មភាពមនុស្សធម៌ និងការជួយគាំទ្រ ដល់ការងារសង្គមនៅកម្ពុជា តាមរយៈការកៀរគរជំនួយសម្ភារៈ ដើម្បីជួយសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចក៏បានគូសបញ្ជាក់ថាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ សម្ដេចពិតជាយល់ អំពីការលំបាកនានារបស់សមាគម និងសូមចែករំលែក ការលំបាកនេះជាមួយនឹងការបន្តខិតខំជួយគាំទ្រ និងរួមចំណែកដោះស្រាយ បញ្ហាផ្សេងៗ ក្នុងសមត្ថកិច្ចទទួលខុស ត្រូវរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះសម្ដេចក៏សូមវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពប្រទេសចិន ដែលសម្រេចបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ទោះបីត្រូវប្រឈមមុខ នឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

នាឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់ថា ការសម្រេច បានលទ្ធផលនៃការចាក់វ៉ាក់សាំង និងការបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនៅកម្ពុជា ពិតជាមានការចូលរួមចំណែក មិនអាចខ្វះបានពីសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឱ្យកម្ពុជាអាចដំណើរការឡើវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដូចបច្ចុប្បន្ននេះ។ សម្ដេចបន្តថាការចាក់វ៉ាក់សាំង នឹងរួមចំណែកដល់ការស្ដារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាទាំងក្នុង និងក្រោយបរិបទកូវីដ-១៩។

សម្ដេចបានបន្តថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគី សម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយ បើធៀបនឹងឆ្នាំ២០២០។ សម្ដេចបន្តថាខេត្តជាងស៊ូ ក៏ជាខេត្តមួយរបស់ចិនដែលមាន ទំនាក់ទំនងល្អជាមួយ ខេត្តព្រះសីហនុរបស់កម្ពុជា ដែលកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណង ដែលនឹងអាចទាក់ទាញ ការវិនិយោគបន្ថែមទៀតពីមកខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅចិន ព្រមទាំងបណ្ដាប្រទេសនានា លើពិភពលោក។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅ តែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិ បានរឹងមាំង ដើម្បីបង្កលក្ខណ្ឌអំណោយផល ដល់ការវិនិយោគនៅកម្ពុជា សំដៅរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងលើកកម្ពស់ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សម្ដេចក៏បានបន្តថាក្រសួងមហាផ្ទៃ ក៏មានកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងសន្តិសុខសាធារណៈចិន ហើយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងទាំងពីរបាន ចុះហត្ថលេខាលើផែនការការងារ ដើម្បីបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ ក្នុងគោលដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ពិសេសរួមចំណែក សម្រេចឱ្យបាន នូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរ ដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង