ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានអញ្ជើញមកកំសាន្ត រីករាយក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល នៅក្នុងក្រុង/ខេត្តសៀមរាប

293

សៀមរាប៖ ក្នុងឱកាសនៃថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល២០២១ ឈានចូល ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្តតាម រមណីយដ្ឋាននានា រួមទាំងការចូលរួមក្នុងរាត្រីឆ្លងឆ្នាំនៅក្នុងក្រុង/ខេត្តសៀមរាប មានចំនួនប្រមាណជាជិត១៩ម៉ឺននាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរផ្ទៃក្នុង ដែលបានចាក់វាក់សាំងគ្រប់លក្ខ័ណ នេះបើតាមការអោយដឹងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ។

នៅក្នុងរបាយការណ៍ បានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណភ្ញៀវអ្នកដំណើរដែលអញ្ជើញមកកំសាន្តទាំងនោះ មានមកពីតាមបណ្តាខេត្តនានា ប្រមាណជាជិត ៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ និង ភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី៤ទៅ៥ ម៉ឺននាក់ ហើយលក្ខណៈពិសេសដែលគួរឲ្យកត់សម្គាល់នោះ គឺការធ្វើ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ទម្លាប់រស់នៅជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។

ក្នុងនោះ គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប មានដូចជា រមណីយ ដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត ក្នុងនោះក៏មានការជួបជុំគ្នាកម្សាន្តនៅរាត្រីឆ្លងឆ្នាំ នៅក្នុងក្រុងសៀមរាប រួមមាន តំបន់ផាប់ស្រ្ទីត និងទស្សនាការបាញ់កាំជ្រូច ការសម្តែងសិល្បៈ នៅសួនច្បារព្រះរាជដំណាក់ ខណៈដែល ហេដ្ឋារចនាសម្ព័ន្ធ៣៨ ខ្សែ និងការកែលម្អរកំណាត់ដងស្ទឹង ដែលកំពុងសាងសង់ និងកែលម្អរ ជិតរួចរាល់ ក៏បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុក អោយចង់អញ្ជើញមកកំសាន្ត ក្នុងក្រុង/ខេត្តសៀមរាបយើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង