មជ្ឈមណ្ឌលប្រមូលផ្តុំ កែច្នៃកសិឧស្សាហកម្មនេះ ប្រាកដជា នឹងចូលរួមចំណែកផ្តល់ ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរ ទៅកាន់ទីផ្សារចិន ដោយត្រង់
កោះកុង ៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តយសក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានបន្តដំណើរ អញ្ជើញមកពិនិត្យសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
មជ្ឈមណ្ឌលនេះ បានកសាងលើផ្ទៃដី ៨០ហិកតា ដោយធ្វើការបែងចែកជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ ) សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន និងដូង។ល។ បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបាន 80% នូវអគារមួយខ្នងទំហំ ១៥ ០០០m2 និងជាបណ្តើរៗកំពុងដំណើរការសាងសង់អគារ ២ បន្ថែមទៀតដើម្បីដាក់ឲ្យបម្រើការស្តុកផ្លែឈើ លាងសំអាត (ធ្វើអនាម័យ) វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ នៅពេលចាប់ផ្តើមដំណើរការ មជ្ឈមណ្ឌលត្រូវការកម្មករ ៣០០នាក់ ហើយនៅពេលដំណើរពេញសមត្ថភាពមជ្ឈមណ្ឌលត្រូវការ ៣០០០នាក់។
បន្ទាប់ពីបានអញ្ជើញពិនិត្យសំណង់ និងការរាយការណ៍របស់លោកស្រី សូហ្វី អ្នកគ្រប់គ្រងទីផ្សារអំពីដំណើរការសាងសង់មជ្ឈមណ្ឌល មុខងាររបស់អគារនីមួយៗ សមិទ្ធផលសម្រេចបានថ្មីៗនេះ និងទិសដៅនាពេលអនាគត រួចមកឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទស្សនចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការកសាងមជ្ឈមណ្ឌលនេះឡើង ដើម្បីបម្រើឲ្យវិស័យកសិឧស្សាហកម្មជារួម និងដោយឡែកផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមានក្នុងដៃជាអាទិ៍៖ ស្វាយកែវរមៀត ស្វាយចន្ទី មានម៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេកអំបូងលឿង និងក្រូចថ្លុង។ល។ មជ្ឈមណ្ឌលនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ប្រាកដជានឹងចូលរួមចំណែកផ្តល់ ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះ ពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ឆ្លៀតយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់កិច្ចសហការ ពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលន ហើយឈានទៅសម្រេចអនុញ្ញាត ជាផ្លូវការឲ្យផលិតផលស្វាយ នាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក ដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន។ មួយវិញទៀត មជ្ឈមណ្ឌលដែល បាននិងកំពុងដំណើរការសាងសង់នេះ គឺពិតជានឹងចូលរួមបំពេញបន្ថែម នូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ សមិទ្ធផលដែលក្រុមហ៊ុន ហ៊ុន ទី សម្រេចបាន គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ពីគ្រប់ភាពគីពាក់ព័ន្ធ និងជាពិសេសភាគីចិន។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវ ឲ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ និងប្រាក់ចំណូល។ល។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹម ថាកសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធាន បច្ចេកទេសលក្ខខណ្ឌតម្រូវភូតគាមអនាម័យ របស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញ ផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕