គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត
ភ្នំពេញ៖ អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩,២០៥,៦៧៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៤,៩០៤,៨២៥នាក់ ការិយាល័យបោះឆ្នោតមានចំនួន២៣,៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២៤,៩៧០នាក់។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែល នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យ ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្ដឹង (ទម្រង់បែបបទលេខ ១២០២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។
*ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់ បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។
*ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមា នលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើន ជាងមួយកន្លែង។
សូមជម្រាបជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំង ណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ហើយប្រជាពលរដ្ឋទាំងអស់ ក៏អាចស្វែងរកឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូង តាមគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ(App) NEC KH៕