រដ្ឋបាលរាជធានី ទោះស្ថានភាពជម្ងឺកូវីដ-១៩ រីករាកដាលយ៉ាងណាក្ដី តែការងារកសាងស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ នៅតែបន្តធ្វើ សម្រេចបានជាង៩២ ភាគរយហើយ
ភ្នំពេញ ៖ បើទោះបីស្ថានភាពជម្ងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការជាធម្មតា ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងបរិបទកូវីដ-១៩នេះ ការអភវឌ្ឍនៅតែបន្តសកម្មភាពផងដែរ ។
ជាក់ស្ដែងសម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ គឺបានដំណើរការរហូតមក ដោយមកដល់ពេលនេះ ស្ពានអាកាសនិងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅនេះ បានស្ថាបនារួចរាល់ នៃចំណែកខ្លះហើយ ហើយ ក៏បានដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផងដែរ ដែលធ្វើឱ្យតំបន់នេះ កាត់បន្ថយបានយ៉ាងខ្លាំង នូវការកកស្ទះចរាចរណ៍ ។
នេះជាការយកចិត្តទុកដាក់មួយ របស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានន័យថា បើទោះបីដៃម្ខាងទប់ស្កាត់ជំងឺកូវីដ-១៩ តែដៃម្ខាងទៀត នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើឲ្យផលប្រយោជន៍ សាធារណៈនៅក្នុងរាជធានីភ្នំពេញ។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ធ្នូ ២០២១ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ដោយចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីព្រឹក។ ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរ ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។
រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញទៀតថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លង ទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ ជាផ្លូវការ កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕