ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាប្រកាសបន្តផ្ដល់ជំនួយម៉ាស ចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រ ដល់មីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន

224

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តផ្ដល់ជំនួយ ម៉ាសជាង៣.២លាន និងសម្ភារៈយុទ្ធសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសសមាជិក អាស៊ានមួយនេះ នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះ។

ជំនួយរបស់កម្ពុជាលើកទី៣នេះរួមមានដូចតទៅ៖
* ម៉ាស ចំនួន៣លាន
* ម៉ាស់ N95 ចំនួន២សែន
* វែនតាការពារ ចំនួន១សែន
* សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន
* របាំងការពារមុខ ចំនួន៣ម៉ឺន
* ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់
* ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង
* ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង
* ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង

នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជីចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត។

ជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖ ថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិត អុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់ កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

សូមបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមករា ស្អែកនេះ ដើម្បីសម្របសម្រួលដោះស្រាយវិបត្តិនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាព របស់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង