ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងអះអាងថា អាវុធដែលត្រូវបាន បាញ់សាកល្បងនោះ គឺជា មីស៉ីលលឿនជាងសំឡេង

255

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ នេះថា អាវុធដែលទីក្រុងព្យុយ៉ាងទើបបានបាញ់សាកល្បង កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទ មីស៊ីលលឿនជាងសំឡេង (hypersonic missile) មួយគ្រាប់ ហើយការធ្វើតេស្តនោះ ក៏ទទួលបានជោគជ័យផងដែរ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។

ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ។

KCNA បានចេញផ្សាយយ៉ាងដូច្នេះថា ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ។ KCNA ក៏បានបង្ហើបពីសមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។

នេះមិនមែនអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ដោយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី ១ នូវការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដើម្បីបង្ហាញថា ខ្លួនក៏ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗលើលោកផងដែរ នៅក្នុងការអភិវឌ្ឍអាវុធដ៏អស្ចារ្យប្រភេទនេះ។

មិនដូចគ្រាប់មីស៊ីលបាលីស្ទីក (ballistic missile) ដែលត្រូវហោះទៅដល់រយៈកម្ពស់ខ្ពស់ រួចទើបចុះមកវិញ ដើម្បីទម្លាក់ឲ្យចំគោលដៅនោះឡើយ, គ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) គឺអាចហោះបាននៅក្នុងរយៈកម្ពស់ទាប និងមានល្បឿនលឿនជាងល្បឿនសំឡេងរហូតដល់ទៅជាង ៥ដង ឬស្មើនឹង ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាជាប្រភេទអាវុធដែលប្រទេសរុស្ស៊ី កំពុងនាំមុខគេនៅក្នុងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង