ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្ សាក្រុមការងារជំនាញក្រសួង បញ្ចប់ការកែ សម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់

60
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារជំនាញក្រសួង បញ្ចប់ការកែសម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ក្នុងការកែសម្រួល និងបំពេញបន្ថែមសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ រហូតសម្រេចបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក និងបានណែនាំឱ្យក្រុមការងាររៀបចំ និងពិនិត្យឱ្យបាន សព្វគ្រប់ មុននឹងដាក់ឆ្លងយោបល់កិច្ចប្រជុំអន្តរក្រសួង។
ជាមួយគ្នានោះផងដែរ អង្គប្រជុំបានលើកយកមាត្រា ដែលនៅសល់ពីកិច្ចប្រជុំលើកមុន មកបន្តពិភាក្សា លម្អិត ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹង គោលការណ៍នៃការ កំណត់ដីចំណីផ្លូវថ្នល់ ការកំណត់ដីចំណី ផ្លូវថ្នល់ទៅតាមប្រភេទ មុខងារ និងចំណាត់ថ្នាក់នៃផ្លូវថ្នល់ដូចជា៖ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ វិធាន ការគ្រប់គ្រង និងនីតិវិធីលើការ ប្រើប្រាស់ដីចំណីផ្លូវថ្នល់ រួមទាំងបទប្បញ្ញត្តិដោយឡែក ទោសប្បញ្ញត្តិ និងអវសានប្បញ្ញតិ្តផងដែរ។
សូមជម្រាបជូនថា៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញ ផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលនេះ មានចំនួន ៤៦ មាត្រា និង៨ជំពូក ត្រូវបានឆ្លងកាត់ ពិភាក្សាដេញដោលយ៉ាងផុលផុស ពីក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណា ធានានូវសុក្រឹត្យភាពខ្ពស់ ចៀសវាងការបកស្រាយខុស និងភាពស្រពេចស្រពិល នៅពេលដាក់ឱ្យអនុវត្ត៕

SONY DSC

អត្ថបទដែលជាប់ទាក់ទង