ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុីម៉ាក់ នឹងរំដោះខេត្តទិសខាងត្បូងប្រទេស ឱ្យអស់ការគំរាមកំហែងដោយសារមីន​

302

ភ្នំពេញ៖ នៅថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២២នេះ​ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ បានបិទបញ្ចប់សិក្ខាសាលាចំនួន៣ថ្ងៃរបស់ខ្លួនប្រកបដោយជោគជ័យ។ សិក្ខាសាលានេះបានប្រមូលធាតុចូលយ៉ាងសំខាន់​ ១.​ផ្តោតលេីកំណែទម្រង់ប្រតិបតិ្តការ​ ២.​ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​និងផ្គត់ផ្គង់បំពាក់សម្ភារ:ប្រតិបត្តិការ​ ៣.​ ការគ្រប់គ្រងធនធា​នមនុស្សនិងរដ្ឋបាល​។ ចំណុចទី២ និងទី៣ ជាចន្ទល់ទ្រទ្រង់ប្រសិទ្ធភាពប្រតិបតិ្តការនិងសំរេចផែនការយុទ្ធសាស្ត្ររបស់អង្គភាព។

ផ្អែកលេីលទ្ធផលពិភាក្សាគ្នានេះ​ សម្រាប់ឆ្នាំ២០២២នេះ​ អង្គភាពសុីម៉ាក់ អាចមានសមត្ថភាពសម្រេចមហិ្ឆតារបស់ខ្លួន​នៃគោលដៅរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនចំនួនជាង១៥.០០០ហិចតា​ (១៥០គីឡូម៉ែត្រក្រឡាជាពហុកោណនៃទិន្នន័យជាតិ) និងផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងសំណល់យុទ្ធភណ្ធសង្គ្រាមចំនួនជាង៦.០០០ហិចតា​ (៦០គីឡូម៉ែត្រក្រឡា)​ ព្រមទាំងការអប់រំជាង៥៥០,០០០ខ្នងផ្ទះ​ផងដែរ។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះតម្រង់ទិសអាទិភាពសម្រាប់តំបន់ពហុកោណដែលមានគ្រាប់មីនប្រឆាំងមនុស្ស​ តាមរយ:យុទ្ធសាស្ត្រ​៖​ ១.​ រំដោះខេត្តទិសខាងត្បូងប្រទេសឱ្យអស់ការគំរាមកំហែងដោយសារមីន​ ២.​ រំដោះតំបន់ទេសចរណ៍/តំបន់ប្រាង្គប្រាសាទ​ ៣.​ តំបន់ដីសេដ្ឋកិច្ចសង្គម​ ៤.​ តំបន់ព្រំដែនដែលត្រូវអភិវឌ្ឍន៍​ និងទី៥​ តំបន់គ្រាប់បែកចង្កោម​ ជាពិសេសបណ្តាខេត្តទិសខាងកេីតប្រទេស។

ផ្អែកតាមផែនការនេះអង្គភាពសុីម៉ាក់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ អាចរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលនៅសេសសល់បានចំនួនជាង៧០០.​០០០ហិចតា​ (៧០០គីឡូម៉ែត្រក្រឡា)​ ស្មេីនឹងជាង៩០%នៃពហុកោណផ្ទៃដីចំការមីនដែលនៅសល់​ ឱ្យអស់ត្រឹមចុងឆ្នាំ២០២៥​ រីឯប្រមាណ១០%អាចធ្វេីដោយប្រតិបត្តិករផេ្សងៗទៀត។
ប្រសិនជាគោលដៅនេះសម្រេចបាននោះ​ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជាមួយសហគមន៍អន្តរជាតិ​ ដែលថា​កម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥​ នឹងទទួលជោគជ័យតាមស្មារតីនៃការតាំងចិត្តនោះខានតែបាន! ។

សូមបញ្ជាក់ថា៖​ បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតែបន្តមានក្រោយពី២០២៥គឺ​ ១.បញ្ហាគ្រាប់បែកចង្កោម​ ២.បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទៅនិងគ្រាប់បែកទម្លាក់ពីយន្តហោះ​ ជាដេីម។

ទស្សនរួមរបស់អង្គភាពសុីម៉ាក់៖​ “លុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ នាំមកនូវសុខសុវត្ថិភាពនិងក្តីសង្ឃឹម​ សម្រាប់អនាគតមួយរុងរឿង​ =​Removing Landmines/the Explosive Remnants of war, Returning Hopes and Rebuilding prosperous future!”.៕

អត្ថបទដែលជាប់ទាក់ទង