ព្រឹទ្ធសភា បានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលកូរ៉េ
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានគណៈកម្មការទី៩ បញ្ជូនមកសុំឱ្យព្រឹទ្ធសភាធ្វើការពិនិត្យនិងផ្តល់យោបល់ ដោយចាត់ទុកជាការប្រញាប់ ដើម្បីជម្រុញលំហូពាណិជ្ជកម្មនិងការវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀតនោះ ត្រូវបានសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា និតិកាលទី៤ លើកមកពិភាក្សា និងផ្តល់យោបល់យ៉ាងល្អិតល្អន់រួចហើយ នាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២២នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ។
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានបញ្ជាក់នៅក្រោយសម័យប្រជុំលើកទី៨នេះថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម រវាងគូភាគីដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញការប្រកួតប្រជែង រវាងគូភាគីជាពិសេសការប្រកួតប្រជែង ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លើកកម្ពស់តម្លាភាព នៃវិធានការពាណិជ្ជកម្មនិងវិនិយោគរបស់គូភាគីតាមរយៈការចែករំលែកនូវឧត្តមានុវត្តន៍និយ័តកម្ម និងការជំរុញនវានុវត្តន៍ក្នុងវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើតក្របខ័ណ្ឌសម្រាប់ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ សំដៅពង្រីកនិងលើកកម្ពស់សារៈប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះនិងជំរុញការនាំចេញ និងបង្កើនទំហំផលិតកម្មទំនិញ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ម ប៊ុននាងបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៍សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជាកូរ៉េ ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍសុខុមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦។
សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ ដោយលើកនូវតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍន៍ប្រទេសទៅតាមបរិបទថ្មី នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលគេនិងកំពុងប្រើប្រាស់ពាសពេញពិភពលោក។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និងចាត់ទុកជាការប្រញាប់។
ក្រៅពីនេះសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ និងបានប្រកាសទទួសមាជិកព្រឹទ្ធសភាថ្មី ជំនួសលោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព។ ហើយក៏ធ្វើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភានីតិកាលទី៤ផងដែរ។
បន្ថែមពីនេះ សម័យប្រជុំព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីធ្វើឱ្យចំណាត់ថ្នាក់នៃបរិយាកាសធ្វើធុរកិច្ចល្អប្រសើរនៅកម្ពុជា បង្កលក្ខខណ្ឌកាន់តែល្អប្រសើរ និងមិនមានរបាំងក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ពិសេសធ្វើឱ្យច្បាប់នេះ មានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសកល ដើម្បីចូលរួមស្តារសង្គមនិងសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ-១៩ និង បានពិនិត្យ ផ្តល់យោបល់ ទៅលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដើម្បីឱ្យច្បាប់នេះ កាន់តែមានឧត្តមប្រយោជន៍ថែមទៀត ដល់ប្រជាជន និងសង្គមជាតិទាំងមូល៕