សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើង ដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា
ណៃពិដោ ៖ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើង ដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ច ការងាររយៈពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់ សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅ ស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព ដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាពពិភពលោក។
ឯកឧតត្តមនាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយ សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ ១៩៕