មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ការផ្តល់ជំនួយម៉ាស ៣.២ និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត
ភ្នំពេញ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយបន្ថែមទៀត ដល់មីយ៉ាន់ម៉ា ដែលក្នុងនោះ មានម៉ាសចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្រ្ត មួយចំនួនទៀត។ នេះបើតាមសេចក្តីប្រកាសរួមកម្ពុជា-មីយ៉ាន់ម៉ា។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសជំនួបរវាងមេដឹកនាទាំងពីរ គ្រាដែលសម្តេចទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ដើម្បីជួយសម្របសម្រួល ដល់វិបត្តិភូមា ដែលកំពុងអូសអន្លាយ។
សេចក្តីប្រកាសបានបញ្ជាក់ថា «ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋ ភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩»។
សូមបញ្ជាក់ថា ជំនួយទាំងនេះត្រូវបាន ផ្តល់តាមរយៈដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ដែលជាជំនួយលើកទី៣ របស់កម្ពុជាជូនដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕