ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានឆាប់ៗបានទេ គឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង

505

 

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ និងជាប្រេសិតពិសេសអាស៊ាន បានលើកឡើងថា សម្រាប់បញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា មិនមែនអាចដោះស្រាយបានតាមរយៈដំណើរទស្សនកិច្ចម្តង ឬពីរដង ឬ៣ដង ឬក៏រហូតដល់មួយអាណត្តិនោះទេ ចំពោះវិបត្តិនេះ គឺមិនអាចដោះស្រាយបានឆាប់ៗបានទេ ដូច្នេះ គឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយត្រឡប់មកដល់កម្ពុជាវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ បានអះអាងថា ការចូលរួមដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ប្រទេសកម្ពុជាគ្មានទទួលប្រយោជន៍អ្វីឡើយ តែជាទំនួលខុសត្រូវក្នុងនាមប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា គឺប្រកាន់យកនូវអភិក្រមប្លែកបន្តិចពីប្រេសិតមុនៗ ខណៈប្រេសិតមុនខិតខំបំពេញភារកិច្ចរបស់ខ្លួនខ្លាំង ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែ ត្រូវស្ទះ ដូច្នេះដើម្បីបញ្ចៀសការស្ទះដែលប្រេសិតពីមុនធ្លាប់អនុវត្ត ក្នុងនាមកម្ពុជា ប្រទេសកម្ពុជា ជាប្រធានអាស៊ាន ត្រូវប្រកាន់អភិក្រមផ្សេងដោយធ្វើការមួយជំហ៊ានម្តងៗ។

សម្រាប់ប្រមុខការទូតកម្ពុជា បានបន្តថា គ្រប់ធាតុផ្សំនៅមីយ៉ាន់ម៉ាទាំងអស់ វាអាចបង្កឱ្យផ្ទុះសង្គ្រាមស៊ីវិល គឺមាននៅលើតុអស់ ប៉ុន្តែ ធាតុផ្សំទាំងនោះវាមិនទាន់ក្លាយទៅជាឆ្នូនបង្កឱ្យកើតសង្គ្រាមស៊ីវិល ពេញទំហឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ប៉ុន្តែ វាមានហានិភ័យឆ្ពោះទៅគោលដៅហ្នឹង។ ត្រង់ចំណុចនេះ ប្រទេសកម្ពុជា បានខិតខំធ្វើយ៉ាងម៉េច ដើម្បីឃាត់កុំឱ្យវាដើរដល់ផ្លូវផ្ទុះសង្គ្រាមស៊ីវិល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១៖ ការផ្លាស់ប្តូរ អភិក្រម ការផ្លាស់ប្តូររបៀបធ្វើការរបៀបដែលយើងហក់ទៅជួយប្រទេសមីយ៉ាន់ម៉ា ហើយថាតើយើងបានចំណេញស្អី? ខ្ញុំគិតថាយើងអត់មានបានផលប្រយោជន៍នយោបាយ ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍ភូមិសាស្ត្រនយោបាយវាអត់មាន ប៉ុន្តែ ហេតុអ្វីបានជាយើង ជួយកុំភ្លេចថាប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារសង្គ្រាមស៊ីវិលហើយ និងស្គាល់នូវសោកនាដកម្មជូរចត់នៃសង្គ្រាមស៊ីវិល និងលទ្ធផលនៃសង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជិត ៣ទសវត្សរ៍ឯណោះ ហើយទម្រាំឱ្យយើងងើបបានដូចសព្វថ្ងៃនេះវាយូរ អញ្ចឹងយើងចង់ឱ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលយើងធ្លាប់ស្គាល់នេះ។

ទី២៖ ក្នុងនាមជាប្រធានអាស៊ាន យើងមានកាតព្វកិច្ច យើងមានការទទួលខុសត្រូវ ព្រោះសេចក្តីសម្រេចមានហើយ របស់មេដឹកនាំអាស៊ានទាំង១០ តែការទទួលខុសត្រូវក្នុងឋានៈជាប្រធាន ក្នុងឋានៈផងដែលជាសមាជិកគ្រួសារអាស៊ាន យើងចង់ជួយគ្រួសារអាស៊ានជាមួយគ្នា ហើយបើសិនប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចយើងកំពុងតែបារម្ភនេះមែនពិត វាមានឥទ្ធិពលអាក្រក់រហូតដល់តំបន់យើង អាក្រក់ដល់កេរ្តិ៍ឈ្មោះអាស៊ាន អាក្រក់រហូតដល់ការឯកភាពរបស់អាស៊ាន អញ្ចឹងយើងជួយមីយ៉ាន់ម៉ា ក៏ដូចជួយអាស៊ានអញ្ចឹង ក្នុងឋានៈជាប្រធានត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួនយើងជាប្រធានអាស៊ាននេះ»។

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រសិនបើយើងព័ត៌មានមួយចំនួនដែលបានចុះផ្សាយពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់ប្រជាជនមីយ៉ានម៉ា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា គឺបើនិយាយឱ្យសាមញ្ញ គឺចង់ចត់បាយ។ ប៉ុន្តែ ការធ្វើដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា គឺជាកាតព្វកិច្ចដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន។

ប្រមុខការទូតកម្ពុជា បានចាត់ទុកថា ដំណើរបំពេញបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែន គឺទទួលបានភាពជោគជ័យមួយចំនួនគួរឱ្យកត់សម្គាល់ ប៉ុន្តែទោះជាយ៉ាងណានេះជាការបើកផ្លូវមួយដ៏សំខាន់សម្រាប់យើងបោះជំហ៊ានទៅមុខបន្តទៀត។

«ប៉ុណ្ណេះយើងសប្បាយក្នុងចិត្តថា យើងបានបំពេញកាតព្វកិច្ច របស់យើងជារដ្ឋទទួលខុសត្រូវខ្ពស់ ចំពោះអាស៊ាន ហើយជាសមាជិកមួយដែលយើងតែងតាំងខ្លួនថាជាសមាជិកដ៏សកម្មរបស់អាស៊ាន គឺពេលនេះវាបានសឱ្យឃើញយ៉ាងដូច្នេះឯង»។ នេះជាគូសបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។

ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឱ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង