ព្រះសង្ឃការពារព្រៃឈើសហគមន៍សង្ឃរុក្ខវ័ន សុំបិណ្ឌបាត បើច្បាប់មានហើយ មិនអនុវត្តន៍ឲ្យតឹងរឹង ព្រៃឈើ អាចអស់ជាមិនខាន
ឧត្តរមានជ័យ ៖ព្រះសង្ឃកំពុងការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះការរលាយហិនហោច ធនធានធម្មជាតិព្រៃឈើធំ សត្វព្រៃគ្រប់ប្រភេទ នៅថ្ងៃអនាគត ជាក់ជាមិនខាន បើទោះបីព្រៃសហគមន៍នេះ មានការការពារយ៉ាងតឹងរឹងបំផុតទាំងយប់ថ្ងៃ។ ព្រះសង្ឃបន្តថា ប្រសិនបើច្បាប់មានហើយ មិនអនុវត្តន៍ឲ្យតឹងរឹង ជាមួយមនុស្សប្រភេទទាំងនេះទេ ព្រៃឈើអាចអស់ជាមិនខាន។
គណនីហ្វេកប៊ុករបស់ព្រះសង្ឃកំពុងការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន ឈ្មោះ Em So Ann បានសរសេររៀបរាប់ថា ព្រៃឈើ ព្រះសង្ឃខំការពារជិត២០ឆ្នាំ អាចអស់ដោយសារមនុស្សបីប្រភេទ គឺប្រភេទមនុស្សទី ១ គឺអ្នកស្រុកភូមិនៅជិត ព្រៃលោកមួយចំនួនតូច ប្រភេទមនុស្សទី២ គឺជាមន្រ្តីការពារផង លួចផង ប្រភេទមនុស្សទី៣ គឺធ្វើជាអ្នកដេញចាប់ចោរផង ឃុបឃិតជាមួយចោរផង ។
បើច្បាប់មានហើយមិនអនុវត្តន៍ឲ្យតឹងរឹងទេ ជាមួយមនុស្សប្រភេទទាំងនេះ ព្រៃឈើអាចអស់ជាមិនខាន់ ក្នុងនាមអាត្មាភាព សុំបិណ្ឌបាត ដល់ថ្នាក់លើមុន ជ្រើសរើសមន្រ្តីជាអ្នកការពារ ព្រៃត្រូវគិតពិចារណាអំពីបុគ្គលនោះសិន បើរើសចោរជាអ្នកការពារព្រៃ គឺព្រៃអស់ជាមិនខាន់ បើបញ្ជូនចោរ ឲ្យជួយការពារប្រាកដណាស់ ព្រៃអស់ជាមិនខាន់ ហើយសូមអ្នកត្រូវស្គាល់ខ្លួនឯងផង អ្នកមកទីនេះគ្រាន់តែជួយសហការ ជាមួយព្រះសង្ឃតែប៉ុណ្ណោះ មិនមែនមកបញ្ជាព្រះសង្ឃទេ ធ្វើជាអ្នកបញ្ជាគេ ត្រូវតែមានសីល យុត្តិ សច្ចធម៌ ទើបគេឲ្យតម្លៃ៕