ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកថ្ងៃទី១០ ខែមករានេះ ក្រសួងអប់រំ យុវជន និងកីឡា បើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២

62

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ គឺជាថ្ងៃបើកទំព័រថ្មី បើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។ បើតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ គឺជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ដោយសម្តេចតេជោ បានស្នើឲ្យគ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩ និងត្រូវ អនុញ្ញាតឱ្យពួកគេ ចូលរួមក្នុងការសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ដល់ពួកគេ។

ក្នុងឱកាសដ៏មានអត្ថន័យនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និង ប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងព្រះរាជាណាចក្រ កម្ពុជានាថ្ងៃនេះ។

សម្តេចសូមយកឱកាសនេះ សូមថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្តល់នូវការរៀនសូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្រ្តី សូមរំលឹកឡើងវិញថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅខែមីនា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពនិងប្រយ័ត្នប្រយែង ព្រមទាំងអាចកត់ត្រាទុកនិងរៀនសូត្រជា មេរៀនបទពិសោធ សម្រាប់ការអនុវត្ត “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” រួមមាន៖

ទី១- ការយកចិត្តទុកដាក់ដល់អាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអាទិភាព

ទី២- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំនិងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សា ស្របតាមគោលការណ៍ “៣កុំ ៣ការពារ” តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការជួយគាំទ្រអំពីវិធានការការពារខ្លួនពីការឆ្លងកូវីដ-១៩

ទី៣- ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារអនាម័យ បង្គន់អនាម័យ និងទឹកស្អាត នៅតាម គ្រឹះស្ថានសិក្សាឱ្យបានគ្រប់គ្រាន់

ទី៤- ការរៀបចំនិងអភិវឌ្ឍប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិក ការអប់រំបែបឌីជីថល និងការអប់រំពីចម្ងាយ ឱ្យសម្បូរបែប និងចែកផ្សាយឱ្យបានទូលំទូលាយ

ទី៥- ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមបណ្តុំ តាមដំណាក់កាល និងប្រកបដោយភាពប្រុងប្រយ័ត្ន

ទី៦- ការអនុវត្តវិធានការគ្រប់គ្រងនិងរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដែលមានប្រសិទ្ធភាព និង

ទី៧- ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំនិងសិស្សានុសិស្សឱ្យបានគ្រប់គ្នា។

វិធានការខាងលើនេះ បានធានាឱ្យបុគ្គលិកអប់រំអាចបន្តបំពេញការងារនិងសិស្សានុសិស្សនៅគ្រប់ភូមិសិក្សា អាចទទួលបានសេវាអប់រំតាមគ្រប់រូបភាព និងសម្តេចតេជោ នៅតែសង្កត់ធ្ងន់ថា វិធានការទាំងនេះនៅតែមានសុពលភាព បន្តទៀត ក្នុងបរិបទដែលកូវីដ-១៩ ឬមេរោគបំប្លែងថ្មី មិនទាន់រលាយបាត់។

រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញថា៖ នៅខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បាន អនុញ្ញាតឱ្យចាប់ផ្តើមដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុះនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការ បើកដំណើរការឡើងវិញនៃគ្រឹះស្ថានឧត្តមសិក្សាដោយរលូន និងពុំមានហេតុការណ៍អ្វីកើតឡើងគួរកត់សម្គាល់ ពាក់ព័ន្ធនឹងកត្តាសុខភាពរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្ស រួមជាមួយនឹងកំណើនភាគរយខ្ពស់នៃការចាក់ វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ កុមារអាយុ៦ដល់១៧ឆ្នាំ និងប្រជាជនអាយុ១៨ឆ្នាំឡើង ជាពិសេសដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ។

ម៉្យាងវិញទៀតនៅក្នុងខែធ្នូ ឆ្នាំ២០២១ សម្តេច បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ និងបានសម្រេចដាក់ឱ្យប្រើប្រាស់នូវ “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣- ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅ រកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ។ កត្តាទាំងនេះហើយបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ សម្រាប់គ្រឹះស្ថាន សិក្សានៅទូទាំងប្រទេស ក្រោមទស្សនាទាន ថ្មីគឺ “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ”។

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នានៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

ក្នុងឱកាសដ៏រីករាយនេះ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ ទទួលបានលទ្ធផលល្អ ប្រសើរតាមការរំពឹងទុក សម្តេចហ៊ុន សែន សូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១- ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ” ដោយសូមគិតគូរ អំពីជម្រើស និងអភិវឌ្ឍធនធានបង្រៀន និងរៀនឱ្យបានច្រើន សម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតបនិងរស់រវើក ជាពិសេសដំណើរការ បង្រៀននិងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការនិងវិសហមជ្ឈការនៃសេវាអប់រំ។

ទី២- ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ “ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

ទី៣- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យធ្វើ ការអភិវឌ្ឍសមត្ថភាព និងការកសាងប្រព័ន្ធអប់រំដ៏រឹងមាំ ដែលមានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពសក្ដិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន រួមបញ្ចូលទាំងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ, ការបង្កើនប្រសិទ្ធភាពហិរញ្ញប្បទាន សហប្រតិបត្តិការ, ការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ, និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

ទី៤-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើការអប់រំឆ្លើយតប ទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី២១ និងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងបណ្ដុះបាននូវអ្នកជំនាញចាំបាច់ក្នុង យុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

ទី៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាម គ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឦនិងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេស ការបង្រៀននិងរៀនតាមបែបបច្ចេកវិទ្យាទំនើប។

ទី៦- ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពល របស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀន របស់យើងក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍, ជាសាលារៀនជំនាន់ថ្មី, និងជាសាលារៀន ដែលមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ត្រូវខិតខំកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា បន្ទប់រៀនទំនើប បន្ទប់ពិសោធ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យ តាមលទ្ធភាពនិងស្ថានភាព ជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនតាមបែបថ្មីដោយប្រើប្រាស់ បច្ចេកវិទ្យា។

ទី៧- សូមគ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលពីជំងឺកូវីដ-១៩ និងត្រូវ អនុញ្ញាតឱ្យពួកគេ ចូលរួមក្នុងការសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ដល់ពួកគេ។

ទី៨- គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាង និងសួនធម្មជាតិ ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថាន សិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ក្នុងករណីមានប្រធានស័ក្តិកើតឡើង ដូចជាអាកាសធាតុក្តៅហួតហែ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា ។ល។

ទី៩- សូមលោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២, ជាមគ្គុទ្ទេសក៍, ជា អ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់ សិស្សឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេន សម្រាប់ថ្ងៃអនាគត។

ទី១០- សូមក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួននិងចូលរួមឱ្យបានសស្រាក់សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុង សង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ។

ទី១១- សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូន នាំចៅ មកចុះឈ្មោះចូលរៀននិងបន្តផ្តល់ ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។

ទី១២- សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ យកចិត្តទុកដាក់និងចូលរួមគាំទ្រឱ្យ បានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហិ.ង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី១៣- សូមគ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី យុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់ នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបាន ឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាន នៃការអប់រំពេញមួយជីវិត។

ជាថ្មីម្តងទៀត សម្តេច សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំង ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង