ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់អំពីសក្តានុពលនៃផ្លូវជាតិលេខ៥ ក្នុងការតភ្ជាប់ ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំ ប្រទល់គ្នា
បាត់ដំបង៖ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិកសមាជិការព្រឹទ្ធសភា រដ្ឋសភាពនិងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងបន្ទាយមាន ជ័យ ក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបង ប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) ប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ១៦៥,៧៨លានដុល្លារអាមេរិក។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ឥណទាន សម្បទានហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាព ក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងបានថ្លែងអំណរគុណផងដែរជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេក ទេស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ផ្លូវ និងតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជំរុញឱ្យការងារសាងសង់ អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃផ្លូវជាតិលេខ៥ក្នុងការតភ្ជាប់ ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំ ប្រទល់គ្នា និងជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ) ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) តភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មាន សក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS)ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ទោះបីកម្ពុជាបានប្រឈមនឹងវិបត្តិកូវីដ-១៩ ក៏ដោយ រាជរដ្ឋា ភិបាលកម្ពុជា នៅតែចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពនៅក្នុងចំណោមវិស័យ អាទិភាពសំខាន់ៗ រួមមាន៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដែលក្នុងនោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង ស្ពានជាច្រើន បានបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងសំខាន់ៗមួយចំនួនផ្សេងទៀត បាន និងកំពុង បន្តការសាងសង់ និងបានត្រៀមអនុវត្តគម្រោងថ្មីៗជាច្រើនទៀតនាពេលខាងមុខនេះ ដោយប្រើប្រាស់ ប្រភពថវិកាសន្សំរបស់ជាតិ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ រួមទាំងជំនួយឥតសំណង និងជំនួយបច្ចេក ទេសពីបណ្ដាប្រទេសជាមិត្ត រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន សាធារណរដ្ឋ កូរ៉េ និងដៃគូអភិវឌ្ឍន៍នានាដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាត់ផងដែរថា៖ សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រម ទាំងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើ ប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ហើយក៏ជាសមិទ្ធផលកើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទ្ទេសន៍ឯក ដែលបានដឹកនាំ កម្ពុជាឱ្យមានការរីកចម្រើនជឿនលឿន ការពារបាននូវបូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសុខ សន្តិភាព ជូនប្រជាជាតិកម្ពុជា ព្រមទាំងលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរមាន ការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន រួមទាំងការទទួលបាននូវការសិក្សាអប់រំ អាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗទាំងនៅ តាមទីប្រជុំជន និងជនបទ និងមានបណ្តាញអគ្គិសនី បណ្តាញគមនាគមន៍ ទូរសព្ទ អ៊ីនធឺណែត និង ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចភ្ជាប់ទីក្រុង និងជនបទឱ្យនៅជិតគ្នា។
ជាមួយគ្នានោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្តកម្ពុជា បន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកអភិវឌ្ឍផ្លូវ-ស្ពាន ក្នុងការតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធផល ទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ-១៩ក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ព្រមជាមួយនឹងការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និង មិនមានលក្ខខណ្ឌស្មុគស្មាញ ដោយបានផ្តល់នូវជំនួយឥតសំណង និងឥណទានសម្បទានដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់ជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងបានជូនពរសូមឱ្យ ចំណងមិត្តភាពជប៉ុន-កម្ពុជាកាន់តែមានភាពរឹងមាំ និងបន្តឋិតថេរចីរកាលតរៀងទៅ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខា ភិបាល ពិសេសវិធានការ “៣-កុំ ៣-ការពារ” ឱ្យ បានជាប់ជាប្រចាំ និងត្រូវបន្តសម្របបន្ស៊ាំខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតី ភាពថ្មី។
សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៥៥ខែ និង បានបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិកាសរុបប្រមាណ ១៦៥,៧៨លាន ដុល្លារ អាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះផងដែរ។
កំណាត់ផ្លូវនេះមានប្រវែងសរុប៨៤,៧៤គីឡូម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទី ម៉ែត្រ ក្នុងនោះរួមមាន៖ ការងារពង្រីកទំហំផ្លូវមេដែលមានស្រាប់ប្រវែង៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ មានផ្លូវវាងក្រុង២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះសាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន១០កន្លែង (លើផ្លូវមេ)។
ការសាងសង់កំណាត់ផ្លូវនេះរួមមានការងារដាក់លូប្រអប់ចំនួន ៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវ ចំនួន ១១៣កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ និងត្រូវបានបែងចែកកិច្ចសន្យា សាងសង់ជា២កញ្ចប់ រួមមាន៖ កញ្ចប់កិច្ចសន្យាទី១៖ សាងសង់ដោយសម្ព័ន្ធ ក្រុមហ៊ុន ថិកខេន ដាយយ៉ូ (Teken-Taiyo Joint Venture) មានប្រវែងសរុប ៤៦,២៧គីឡូម៉ែត្រ រួមមានការពង្រីកផ្លូវមេ ប្រវែង ២២,៣៥គីឡូម៉ែត្រ និងការសាងសង់ផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ។ កញ្ចប់កិច្ចសន្យា ទី២៖ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន ដាយហូ អាសាណូម៉ា (Daiho-Asanuma Joint Venture) មាន ប្រវែងសរុប ៣៨,៤៧គីឡូម៉ែត្រ រួមមាន ការពង្រីកផ្លូវមេ ប្រវែង ២៩,១៣ គីឡូម៉ែត្រ និងសាងសង់ផ្លូវវាង ក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន ខេអ៊ីអាយ អូស៊ីស៊ី (KEI-OCC) Katahira & Engineers International-Oriental Consultants Company Limited Joint Venture។
គួរកត់សម្គាល់ផងដែរថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក បែងចែកចេញជា ៣កំណាត់ រួមមាន៖ កំណាត់ទី១៖ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០% ។ កំណាត់ទី២៖ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន ប្រមាណ៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។ កំណាត់ទី៣៖ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ១៤៦,០៤គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ៥៥% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើស ក្រុមហ៊ុនសាងសង់៕