ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារជប៉ុន មានតម្លៃជាង ១ ៦២៣លានដុល្លារ កើនឡើងជិត១០%

377

 

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារជប៉ុន មានតម្លៃជាង ១ ៦២៣លានដុល្លារ កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro)។

ទិន្នន័យដែលចេញផ្សាយដោយ Jetro បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅជប៉ុនមានតម្លៃ១ ៦២៣ លានដុល្លារ កើនឡើង៩.១% ខណៈជប៉ុន នាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៥២៥.៦២ លានដុល្លារ កើនឡើង២១.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីកើនឡើងដល់ ២.១៤ពាន់លានដុល្លារ ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា សញ្ញាវិជ្ជមាននៃកំណើន ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងជប៉ុន បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដំណើរការទៅកាន់តែល្អប្រសើរ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ចូលជាធរមានកាលពីដើមខែមករា ហើយជប៉ុនក៏ជាសមាជិកនៃកិច្ចព្រមព្រៀងនេះផង នឹងជួយឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងនឹងល្អប្រសើរជាងមុន ព្រមទាំងទាក់វិនិយោគមកកាន់តែច្រើនផងដែរ។

ឧកញ៉ាគូសបញ្ជាក់ថា «ការនាំចេញមានការកើនឡើងនេះ គឺដោយសារមានក្រុមហ៊ុនវិនិយោគរបស់ជប៉ុនជាច្រើន ដែលគាត់មកវិនិយោគនៅកម្ពុជាហើយ នាំចេញទៅកាន់ជប៉ុន និងបណ្តាប្រទេសសហគមន៍អឺរ៉ុប ក៏ដូចជាអាមេរិក ដែលនាំឱ្យការនាំចេញកើនឡើង។ ហើយខ្ញុំសង្ឃឹមថា នឹងមានជើងហោះហើរផ្ទាល់ ពីជប៉ុនមកកម្ពុជាឱ្យបានឆាប់បន្តិច ដើម្បីដឹកជញ្ជូនអ្នកដំណើរ អ្នកវិនិយោគគិនមកកាន់កម្ពុជា ឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះអីយើងឃើញថា កន្លងមកមានការពន្យារពេលក្នុងការហោះហើររវាងកម្ពុជា និងជប៉ុន»។

ទន្ទឹមគ្នានេះ លោកបន្ថែមថា «សព្វថ្ងៃនេះឃើញថា មេគង្គជប៉ុន និងអាស៊ានជប៉ុន ក្នុងគោលនយោបាយសេដ្ឋកិច្ចចំពោះកម្ពុជា ក៏នៅតែមានឱកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ ដែលយើងឃើញថា គាត់មករៀបចំជំនួយជាផ្លូវជាតិតភ្ជាប់ពីវៀតណាម ទៅខាងថៃ តាមរយៈស្ពានអ្នកលឿង ហើយផ្លូវជាតិលេខ៥តភ្ជាប់ទៅថៃជាទំនាក់ទំនងសេដ្ឋកិច្ចនេះ ខ្ញុំគិតថានេះជាចំណុចល្អមួយទៀត ដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់យើងនាំឱ្យក្រុមហ៊ុនជប៉ុនបូក កន្លងមកគាត់មាននៅវៀតណាម គាត់មាននៅថៃ គាត់នឹងបូកនៅកម្ពុជាទៀត។ គាត់មិនមែនរើក្រុមហ៊ុនទាំងអស់នោះមកទេ តែគាត់បង្កើតក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា ដើម្បីតំណភ្ជាប់ខាងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ»។

សូមជម្រាបថា កម្ពុជានាំចេញទៅប្រទេសជប៉ុន ភាគច្រើនផលិតផលក្នុងវិស័យកាត់ដេរ សម្ភារៈធ្វើដំណើរ បរិក្ខាអគ្គិសនី និងគ្រឿងបង្ខំមួយចំនួន រួមនឹងផលិតផលកសិកម្ម។

គួររំលឹកថា ការធ្វើពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា កាលពីឆ្នាំ២០២០ មានទំហំជាង២.១ពាន់លានដុល្លារ ធ្លាក់ចុះ៨.៣៥% បើធៀបឆ្នាំ២០១៩ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃជាង១ ៦១៧លានដុល្លារ ធ្លាក់ ៦.៦% ចំណែកជប៉ុននាំចូលមកវិញមានតម្លៃ ៤៨៤.៧០លានដុល្លារធ្លាក់១៣.៨ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង