មណ្ឌលហែលទឹកបាត់ដំបង ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
បាត់ដំបង៖ ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលហែលទឹកបាត់ដំបង ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត គ្រូបង្វឹក សាស្ត្រាចារ្យ សិស្ស-និស្សិត កីឡាករ-កីឡាការិនី យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមសរុបទាំង ប្រមាណ៣២១រូប។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូស បញ្ជាក់ពីគោលបំណង និងបេសកកម្មរបស់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា ជាពិសេសកីឡាហែលទឹកខេត្តបាត់តំបង ដើម្បីឈានឆ្ពោះទៅកាន់ការប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាដើម្បីស្តារកេរ្តិ៍ឈ្មោះវិស័យកីឡាហែលទឹកកម្ពុជា ដែលធ្លាប់មានភាពរុងរឿងក្នុងសម័យសង្គមរាស្រ្តនិយម ហើយត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ដោយស្នាដៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់អំពីកាយវិការដ៏ប្រពៃរបស់សប្បុរសជនទាំងឡាយដែលបាន ផ្តល់ថវិកាចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យ មានការរីកចម្រើន ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឈានទៅទទួលបានមេដាយជូនជាតិមាតុភូមិ។
ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូននាមសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានដល់ការសាងសង់មណ្ឌលហែលទឹកនេះ ដែលក្នុងនោះរួមមាន៖ ១) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ២) ក្រុមហ៊ុនសំណង់សៀងហៃ ៣) អ្នកឧកញ៉ា លាង ឃុន ៤) ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា (ឧបត្ថម្ភ ចំណាយតបណ្តាញអគ្គិសនីបីហ្វា១៦០KWA ដំឡើងត្រង់ហ្វូ និងតខ្សែបីហ្វាប្រវែង៥៩០ម៉ែត្រ ៥) ឧកញ៉ា ថៃ ជាហួត ៦) ក្រុមហ៊ុនក្វាងចូវវ៉ាន់អាន ៧) អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ៨) ឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តបាត់ដំបង ៩) ឯកឧត្តម វង្ស ពិសិដ្ឋ ១០) លោក ចាន់ សំបូរ រួមជាមួយនឹងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម លោក លោកស្រី អង្គភាពស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត សហព័ន្ធខ្មែរកីឡាហែលទឹកសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តបាត់តំបងទាំងអស់ ដែលបាន ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមទាំងផ្តល់កិច្ចសហការសម្រាប់ការសាងសង់មណ្ឌលហែលទឹកបាត់ដំបងឱ្យបានចប់ជាស្ថាពរ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែង នូវអំណរគុណដល់មាតា-បិតា អាណាព្យាបាលរបស់កីឡាករ កីឡាការិនីទាំងអស់ ដែលបានលើកទឹក ចិត្តផ្តល់ឱកាស និងជំរុញឱ្យកូនៗបានចូលរួមលើកស្ទួយវិស័យកីឡាហែលទឹកយើង និងបានជំរុញលើក ទឹកចិត្តឱ្យកីឡាករ កីឡាការិនីបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមទៅដណ្តើមពានរង្វាន់ជូន គ្រួសារ និងប្រទេសជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងក្នុងមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរ សម្តេចក្រឡាហោម បានគូសបញ្ជាក់ពីស្មារតី និងការ ប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទ:មនសិការលះបង់ខ្ពស់គ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រែក្លាយប្រទេសពីប្រទេស ដែលគ្មានអ្វីៗទាំងអស់ មានតែកម្ទេចផេះផង់ជាសំណល់នៃសង្គ្រាម មកជាប្រទេសដែលមានអ្វីៗគ្រប់បែប យ៉ាង និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ និងបានបន្ថែមថា៖ ក្នុងរយៈពេលចុងក្រោយនេះវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកីឡាទាំងនោះចាប់ផ្ដើមពង្រីកសកម្មភាពរបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង ដែលធ្វើឱ្យមានធនធានកីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹក យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ផ្តល់អាហារូបត្ថម្ភឱ្យត្រឹមត្រូវ មានពេលហាត់គ្រប់គ្រាន់ មានគ្រូបង្ហាត់កម្រិតខ្ពស់ ដើម្បីអាចក្លាយជាកីឡាករលំដាប់អន្តរជាតិបាន បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជននៅកម្ពុជាដែលមានអាងហែលទឹកផ្ទាល់ខ្លួនធ្វើការបណ្តុះបណ្តាលកីឡាករថ្នាលឱ្យបានច្រើន ផ្តោតលើការងារបណ្តុះបណ្តាលធនធានមនុស្សទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម គណ:កម្មការបច្ចេកទេស និងការដឹកនាំគ្រប់គ្រងអង្គភាពរបស់ខ្លួន បំពាក់ឧបករណ៍ និងសម្ភារកីឡាឱ្យបានសមស្រប ទំនើប និងទាន់សម័យ ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសអន្តរជាតិ ដើម្បីឱ្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី យកចិត្តទុកដាក់លើការ ឧបត្ថម្ភ និងការលើកទឹកចិត្តជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូ បង្វឹកឱ្យបានល្អ និងបង្កើនការប្រកួតប្រជែងឱ្យបានញឹកញាប់ ដើម្បីឱ្យកីឡាករ-កីឡាការិនីបានហ្វឹកហាត់ ផង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត និងចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបជូនថា៖ មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ រហូត ដល់ចុងខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិកាប្រមាណ ១ ៩៦០ ០០០ ដុល្លារអាមេរិក មានបណ្តាយ ១១៥ ម៉ែត្រ និងទទឹង៦៥ម៉ែត្រ ឋិតនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង និងទទួលបាននូវការអបអរសាទរពីសមាជិកប្រតិបត្តិរបស់សហព័ន្ធខ្មែរកីឡាហែលទឹក មន្ត្រីរាជការ សិស្ស-និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ។
សំណង់មណ្ឌលហែលទឹកនេះរួមមាន៖ អាងហែលទឹកមានទទឹង ២៥ម បណ្តោយ៥០ម ជម្រៅ ២ម ចែកជា១០ខ្សែបន្ទាត់ អាងលោតទឹកមានទទឹង២០ម បណ្តោយ ២៥ម ជម្រៅ ៤,៥ម អាងហែលទឹក កំដៅសាច់ដុំមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ១,៥ម ប៉មលោតទឹកមានកំពស់១០ម ចែកជាថ្នាក់ លោតកម្ពស់១ម ៣ម ៥ម ៧ម និង១០ម អាងរក្សាតុល្យភាពទឹកមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ ២,៥ម ទីធ្លាសាធារណៈទំហំ ៣ ១៩៤ ម៉ែត្រការ៉េ សួនច្បារទំហំ ១៣៦ ម៉ែត្រការ៉េ មានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកភ្លៀង និងរបងបេតុងមានចម្រឹងដែក ប្រវែង៣៦០ម៉ែត្រ និងមានទីធ្លាចតរថយន្ត និងទោចក្រយានយន្តទំហំ៧០០ម៉ែត្រការ៉េ។
អគារពហុប្រើប្រាស់មានទទឹង ៧ម បណ្តោយ ៣៥ម មានពីរជាន់ ចែកជា៖ ១) កន្លែងអង្គុយទស្សនា ចំណុះសរុប៥២៥នាក់បូក៥០កន្លែងរបស់គណៈអធិបតី ២) បន្ទប់ម៉ាស៊ីនចម្រោះចំនួន២កន្លែង ៣)បន្ទប់ ឃ្លាំងចំនួន២កន្លែង ៤) បន្ទប់ផ្លាស់សំលៀកបំពាក់ចំនួន២បន្ទប់ ៥) បន្ទប់ទឹកកីឡាករចំនួន២បន្ទប់ កីឡាការិនីចំនួន២បន្ទប់ ៦) បន្ទប់ទឹកសាធារណៈចំនួន២កន្លែង និងបន្ទប់ទឹកជនពិការចំនួន១កន្លែង ៧) បន្ទប់ពិសេសសម្រាប់គណៈអធិបតី ៨) បន្ទប់ពហុប្រើប្រាស់ចំនួន១កន្លែង ៩) បន្ទប់បញ្ជាការប្រកួត ចំនួន១កន្លែង ១០) បន្ទប់ប្រជុំចំនួន១កន្លែង ១១) បន្ទប់ពេទ្យចំនួន១កន្លែង ១២) បន្ទប់មន្រី្តគណ:កម្មការ ចំនួន១កន្លែង ១៣) បន្ទប់រងចាំចំនួន១កន្លែង ១៤) បន្ទប់ស្នាក់នៅសម្រាប់កីឡាករចំនួន២០នាក់ចំនួន ៤កន្លែង ១៥) បន្ទប់ចុងភៅចំនួន១កន្លែង ១៦) ប្រអប់បេតុងទំហំ១,៥ម x ២ម ប្រវែង៩០ម សម្រាប់ត្រួត ពិនិត្យបណ្តាញទុយោក្នុងដី។
មណ្ឌលហែលទឹកនេះមានបំពាក់គ្រឿងឧបករណ៍ទំនើបស្រតាមស្តង់ដា ដែលកំណត់ដោយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) មានសារ:សំខាន់ដល់ការពង្រឹងវិស័យកីឡាហែលទឹកនៅកម្ពុជា ជាពិសេស ខេត្តបាត់ដំបង ក៏ដូចជាផ្តល់ឱកាសឱ្យសិស្ស-និស្សិត ក្នុងខេត្តបាត់ដំបងទាំងមូលចាប់ផ្តើមហ្វឹកហាត់ រៀន ហែលទឹកដោយមានសហព័ន្ធខ្មែរកីឡាហែលទឹកជួយហ្វឹកហាត់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បី ត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២។
បច្ចុប្បន្នកម្ពុជាមានក្លឹបកីឡាហែលទឹកឯកជនចំនួន៨ មានសកម្មភាពមធ្យម និងក្លឹបរបស់ក្រសួងចំនួន៤ រួមមាន៖ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបក្រសួងព័ត៌មាន ដែលមានសកម្មភាពជាប់លាប់៕