លោក ឡុង ឌីម៉ង់ ៖ អ្នករដ្ឋបាលត្រូវប្រកាន់ខ្ជាប់ ជាអ្នកដឹកនាំ ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ភាពថ្លៃថ្នូរ អកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ ចេះយល់អារម្មណ៌អ្នកដទៃ ដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព
ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៌ថា អ្នករដ្ឋបាលត្រូវប្រកាន់ខ្ជាប់ជាអ្នកដឹកនាំ ជាការទទួលខុសត្រូវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ភាពថ្លៃថ្នូរ អកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ ចេះយល់អារម្មណ៌អ្នកដទៃ ដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព។
អ្នករដ្ឋបាលមានរបៀបរបបការងារ ជាអ្នកដឹកនាំត្រូវសិក្សាស្រាវជ្រាវ ចេះវិភាគពិសេសការទទួល ខុសត្រូវជាការងារជាសំខាន់ អ្នករដ្ឋបាលត្រូវមានគោលដៅ ចេះរៀបចំផែនការ ចេះបត់បែន និងការរៀនសូត្រនូវបច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ចេះចែករំលែក ព្យាយាមធ្វើការកែទម្រង់ ហើយត្រូវមានទំនាក់ទំនងសាធារណះល្អ ផ្សាភ្ជាប់និងសង្គម រក្សាបាននូវតុល្យភាពសមូហភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការបំរើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព ហើយត្រូវចេះភាសារបរទេស ជាចំណុចសំខាន់មួយ។ ការលើកឡើងនេះបាន ធ្វើនៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលប្រចាំឆ្នាំ២០២១ ដែលបានចូលជួបសំដែងការគួសម និងសុំផ្តល់អនុសាសន៍ថ្មីៗ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានជំរាបជូនកម្ម សិក្សាការីសាលាភូមិន្ទរដ្ឋបាល អំពីសកម្មភាពផែនការ ការងារដឹកនាំលើគ្រប់វិស័យផ្សេង និងការប្រែក្លាយ ខេត្តព្រះសីហនុចេញពីវិបត្តិកូវីដ-១៩ ក្នុងនោះយើងក៏មាន ឪកាសទាញយកការ ស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោ បាយ យុទ្ធសាស្រ្តចាក់វ៉ាក់សាំង ជូនកុមារអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ធ្វើឱ្យកម្ពុជាប្រកាសបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ម្យ៉ាងទៀតអ្នកវិទ្យាសាស្រ្តកំពុង ខិតខំស្រាវជ្រាវរកវ៉ាក់សាំង និងថ្នាំគ្រាប់បង្ការជំងឺកូវីដ-១៩។
លោកបានបន្តថា រាជរដ្ឋាភិបាលបានរៀបចំ ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ទាមទារឱ្យយើងមានធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ប្រសិនបើយើងមិនមាន ធនធានមនុស្ស ការរៀបចំផែនការមេរបស់ យើងមិនអាចទទួលបានជោគជ័យនោះទេ។ រាជរដ្ឋាភិបាលចង់ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រែក្លាយជាសេដ្ឋកិច្ចកសិឧស្សាហកម្ម និងគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែ រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្តក៏បានជូនពរ កម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាលទាំងអស់ ក្រោយទទួលបានចំណេះដឹង និងពុទ្ធិ បទពិសោធន៍ល្អៗ ដើម្បីយកទៅបំពេញការងារនៅក្នុងអង្គភាព ស្ថាប័នរបស់ខ្លួន ពិសេសការផ្តល់សេវា ជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាពខ្ពស់៕