សត្វត្មាតកម្ពុជា ជាសត្វស្លាប មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី
ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន បានដកស្រង់ សម្តីរបស់លោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលបានលើកឡើងថា កម្ពុជាមានវត្តមាន សត្វត្មាតចំនួនបីប្រភេទ ,ទី១-ត្មាតផេះ ,ទី២-ត្មាតត្នោត និងទី៣-ត្មាតភ្លើង ដែលសត្វត្មាត ជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ខណៈដែលចំនួននៃសត្វត្មាតនៅប្រទេសកម្ពុជា កំពុងមានការថយចុះ គួរឲ្យគត់សម្គាល់ ។
ក្នុងពិធីអបអរសាទរទិវាយល់ដឹង ពីសត្វត្មាតអន្តរជាតិឆ្នាំ២០១៨ នាពេលថ្មីៗនេះ លោកស្រី ងិន លីណា បានថ្លែងថា “កម្ពុជាមានវត្តមានសត្វត្មាត ចំនួនបីប្រភេទ ដែលរស់នៅ ក្នុងតំបន់ព្រៃល្បោះគឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សត្វត្មាជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ហើយបច្ចុប្បន្ននេះ របាយការណ៍របស់សត្វត្មាត មាននូវភូមិភាគឦសាន នៃប្រទេសកម្ពុជា ចំនួនសត្វត្មាតនៅកម្ពុជា បានមានការថយចុះ គួរឲ្យកត់សម្គាល់”។
លោកស្រីបន្ដថា រាជរដ្ឋាភិបាលបាន ដាក់បញ្ចូលទីជម្រកសត្វត្មាត សំខាន់បំផុត ដែលនៅសេសសល់ចំនួន២ កន្លែងជាតំបន់ការពារ គឺដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច នៅខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្ត ដល់សហគមន៍មូលដ្ឋាន ចូលរួមអភិរក្សសត្វត្មាតកម្ពុជា ៕