ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

KOICA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

155

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈកម្មាធិការនីតិ សម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC) បានរៀបចំកិច្ចសន្ទនាគោលនយោបាយស្តីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ និង២០២៣។

កិច្ចសន្ទនាគោលនយោបាយនេះ បានធ្វើឡើង តាមអនឡាញតាមរយៈ ZOOM ក្រោមអធិបតីភាពលោក ហ្យន់ជូន នោ (Hyunjun RHO)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ប្រចាំប្រទេសកម្ពុជា និងលោក ឈៀង យ៉ាណារ៉ា (ChhiengYanara) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC)នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

គោលបំណងសំខាន់នៃកិច្ចសន្ទនាគោលនយោបាយនេះគឺ ទី១)៖ ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់កយកា-KOICAនៅកម្ពុជា ដូចជាសមិទ្ធិផលមួយចំនួនដែលបានធ្វើក្នុងឆ្នាំ២០២១ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ គម្រោងបន្តរបស់កយកា-KOICA គម្រោងថ្មីសម្រាប់ឆ្នាំ២០២២ &២០២៣ កម្មវិធីបណ្តុះបណ្តាលប្រចាំប្រទេសសម្រាប់កម្ពុជានៅឆ្នាំ២០២២និងរហូតដល់ឆ្នាំ២០២៥ ការស្នើសុំសំណើរគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤ និង ទី២)៖ ដើម្បីពិភាក្សាអំពីការរៀបចំពិធីសម្ពោធមជ្ឈមណ្ឌល មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center)ក្នុងមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហ្យន់ជូន នោ (Hyunjun RHO)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចាំប្រទេសកម្ពុជា ក៏ដូចជានាយករងប្រចាំប្រទេសនៃការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែល កយកា-KOICA សម្រេចបាន ហើយបានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក ហ្យន់ជូន នោ បានកោតសរសើរដ៏ខ្ពង់ខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានល្អទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធិផលក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ជាពិសេសប្រជាជនកូរ៉េ ដែលបច្ចុប្បន្នកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩១-២០២១ កយកា-KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១)វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២)វិស័យអប់រំ ៣)វិស័យកសិកម្មនិងអភិវឌ្ឍជនបទ និង ៤)វិស័យដឹកជញ្ជូន។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ជំនួយឥតសំណង របស់កយកា-KOICAដល់កម្ពុជាមានចំនួនសរុប ២០,៧លានដុល្លារអាមេរិក។

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា-KOICA បាននិងកំពុងគាំទ្រយ៉ាងសកម្ម ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ២០២០មក។ ដោយឡែកសម្រាប់ឆ្នាំ២០២២ នេះ កយកា-KOICA នឹងផ្តល់រថយន្ត សង្គ្រោះ បន្ថែម ចំនួនដប់ (១០) គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨៣,៣២៥តេស្តដល់ ក្រសួង សុខាភិបាល កម្ពុជា។ បន្ថែមពីលើនេះ កយកា-KOICA កំពុងពិចារណាផ្តល់រថយន្តសង្គ្រោះបន្ថែមទៀតដល់កម្ពុជានៅឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង