ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីគល់រាំងទម្ងន់១១គីឡូក្រាម ជាប់មងប្រជានេសាទ ត្រូវបានលែងទៅ ក្នុងតំបន់រ៉ាមសារ បឹងទន្លេឆ្មារ

143

ភ្នំពេញ៖ ត្រីគល់រាំងមួយក្បាលទម្ងន់១១គីឡូក្រាម ត្រូវបានមន្រ្ដីឧទ្យានុរក្ស នៅតំបន់រ៉ាមសារ បឹងទន្លេឆ្មារ ជាប់ (បឹងទន្លេសាប) និងអង្គការ Nature Life លែងចូលទៅក្នុងបឹងធម្មជាតិវិញនៅថ្ងៃ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស.២ ៥៦៥ ត្រូវនឹងថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ ២០២២ ។
ត្រីគល់រាំងមួយល្បាលនេះ បានជាប់មងប្រជានេសាទ ហើយគាត់បានស្ម័គ្រចិត្តប្រគល់ ជូនកាលពីដើម ខែមករា ឆ្នាំ២០២២នេះ ។ ត្រីគល់រាំងជាមច្ឆជាតិនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រភេទត្រីកំពុងជិតផុត ពូជបំផុតក្នុងពិភពលោក ហើយត្រីនេះក៏មានវត្ដមាន នៅបឹងទន្លេសាបផងដែរ។ ត្រីគល់រាំងត្រូវបានគេហៅ ឈ្មោះផ្សេងៗគ្នា ទៅតាមតំបន់ថា«ត្រីកាហោ ឬត្រីក្បាលឡាន» និងមានឈ្មោះ វិទ្យាសាស្ត្រ Catlocarpio Siamnsis ដែលជាប្រភេទត្រីមានទំហំធំ ជាងគេនៅកម្ពុជា ពោលទម្ងន់អតិបរិមាចាប់ពី ១៥០ទៅ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី ២ទៅ៣ម៉ែត្រ។
សូមបញ្ជាក់ថា៖ ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ-ច«ស្តីពីការគ្រប់គ្រងវិស័យជលផល» ក្នុងជំពូក២ មាត្រា១៨។ ការអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជានេសាទ គឺត្រូវការជាចាំបាច់ដើម្បីការ អភិរក្សមច្ឆជាតិនៅបឹងទន្លេសាប។ អរគុណមូលនិធិ European Union-Our Tonle Sap Project ដែលបានគាំទ្រថវិកា ក្នុងការអនុវត្ដសកម្មភាពនេះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង