តម្លៃស្រូវប្រាំង នារដូវប្រមូលផល ខាងមុខ ប្រឈមនឹងការធ្លាក់ចុះ
ភ្នំពេញ៖ ការប្រមូលផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នារដូវប្រមូលផលខាងមុខនេះ អាចនឹងប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។
ឆ្លើយតបនឹងការប្រឈមនេះ ក្រសួងបានដាក់ចេញនូវវិធាការចំនួន៣ គឺជំរុញឲ្យមន្ទីរកសិកម្ម ណែនាំកសិករពីបច្ចេទេសផលិតស្រូវឲ្យបានទិន្នផលខ្ពស់, អំពាវនាវដល់អាជ្ញាធរខេត្តទំនាក់ទំនង ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវក្នុងតម្លៃសមរម្យ និង អំពាវនាវឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ទិញស្រូវដោយផ្ទាល់ពីកសិករ ឬធ្វើកិច្ចសន្យាកសិកម្ម។
បើតាមក្រសួងកសិកម្ម នៅឆ្នាំ២០២១-២០២២ កម្ពុជាប្រមូលផលស្រូវបានជាង១២លានតោន នាំចេញអង្ករបានជាង៦១ម៉ឺនតោន នាំចេញស្រូវបានជាង៣លានតោន។ តម្លៃស្រូវបានធ្លាក់បើធៀបនឹងឆ្នាំ២០២០៕