ជិតផុតពូជ ចាបព្រៃវែង នៅលើពិភពលោក ឥឡូវចាបប្រភេទ នេះមានវត្ដមាននៅកម្ពុជាហើយ
តាកែវ៖. បើយោងពីប្រភព NatureLife Cambodia Organization បានបញ្ជាក់អោយដឹងនៅថ្ងៃនេះថា៖ មកដល់រដូវនេះ ក្នុងខែមករា ឆ្នាំ២០២២ សត្វចាបព្រៃវែងឬចាបទ្រូងលឿង (Yellow Breasted Bunting) ចំនួនរាប់ពាន់ក្បាល នៅតែបន្តវិលត្រលប់មករកចំណី និងស្នាក់ក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តខេត្តតាកែវ។
ចាប់ពីធ្នូ ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស និងអង្គការជីវិតធម្មជាតិធម្មជាតិនៅកម្ពុជា បានកត់ត្រាចំនួនសត្វចាបព្រៃវែង ច្រើនបំផុត ប្រមាណជាង២០០០ ក្បាល មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនេះ ។ នេះជាព័តមានដ៏ល្អដែលបញ្ចាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាននិងកំពុងដើរតួដ៏សំខាន់ ក្នុងគាំទ្រដល់ការ រស់នៅរបស់សត្វប្រភេទនេះ។
ចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ជិតផុតពូជបំផុតនៅ លើពិភពលោក។ ចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីរកចំណី មកកាន់តំបន់អាស៊ី (Wintering Migrati on)ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា។
សត្វចាបដ៏តូចនេះ ធ្វើដំណើរកាត់ប្រទេសជាច្រើនមុនមកដល់និង រកចំណីក្នុងប្រទេសកម្ពុជា ចាប់ពីខែវិច្ឆកាដល់ខែមេសាជារៀងរាល់ឆ្នាំ។ទីជម្រករបស់វាគឺមាន វាល ស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក។
សូមមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយ ដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្ត តាកែវ ៕ . សំរិត