តុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសឃាតករ ដែលដុតផ្ទះ សម្លាប់ប្រពន្ធនិងកូន ៥នាក់ជាប់ពន្ធនាគារអស់មួយជីវិត
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមជាវត្តមាន នៅក្នុងបន្ទប់សាវនាការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់ការប្រកាសសាលក្រមចំពោះ បុរសអាយុ៣៩ឆ្នាំ ឈ្មោះ នន់ ចាន់សារ៉េត ពីបទឃាតកម្មទៅលើប្រពន្ធ និងកូនៗ៤នាក់របស់ខ្លួន ដែលមានអាយុ ៩ឆ្នាំ, ៧ឆ្នាំ (កូនភ្លោះ), និង៣ឆ្នាំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងពេលប្រកាសសាលក្រម លោកចៅក្រម អ៊ី ថាវរៈ បានមានប្រសាសន៍ថា “បទល្មើសទាំងនេះ គឺពោរពេញដោយភាពឃោ.រឃៅ និងព្រៃផ្សៃ ហើយសមស្របជាមួយទម្ងន់ទោសដែលខ្ពស់បំផុត។” នៅពេលនោះ ជនល្មើសត្រូវបានតុលាការផ្តន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត។ ទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានន័យថា ជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាសក្នុងការលើកលែងទោស ឬនៅក្រៅការឃុំឃាត់។
ក្រុមការងារចម្រុះ “INDIA21” ដែលត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាង អង្គភាពការពារកុមារ (CPU), ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានធ្វើការជាបន្តបន្ទាប់អស់រយៈពេល ៣ថ្ងៃ ដើម្បីប្រម៉ូលគ្រប់ភស្តុតាងដែលមាននៅកន្លែងកើតហេតុ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឯកទេសផ្នែកកោសល្យវិច័យសាកសព និងផ្នែកអគ្គិភ័យ និងសារធាតុផ្ទុះ នៅប្រទេសអូស្ត្រាលី ដើម្បីរៀបឡើងនូវសំណុំរឿងដែលល្អបំផុត ដើម្បីដាក់បន្ទុកលើជនល្មើស។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុមការងារ CPU បាននិយាយថា “ចាប់តាំងពីយើងបានធ្វើកោសល្យវិច័យសាកសព និងកន្លែងកើតហេតុ លើកដំបូង យើងបានយល់ឃើញថា មានចំណុចគួរឲ្យសង្ស័យជាច្រើន ហើយដំណើររឿងរបស់ ជនសង្ស័យអំពីមូលហេតុផ្តើមអគ្គិភ័យ និងស្ថានភាពកន្លែងកើតហេតុគឺមិនសមស្របនឹងគ្នា។”
“ការបាត់បង់ជីវិតរបស់កុមារជាច្រើននាក់បែបនេះ គឺជាទង្វើដ៏ឃោរឃៅមួយ ដែលបានប៉ះពាល់ដល់យើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណ ទៅដល់អ្នកទាំងអស់គ្នា ដែលបានជួយក្នុងការស៊ើបអង្កេតមួយនេះ ដោយមានការប្តេជ្ញា របស់អ្នកទាំងអស់គ្នា ទើបយើងអាចប្រមូលភស្តុតាង ដាក់បន្ទុកទៅលើជនល្មើស ចំពោះទង្វើដ៏ឃោរឃៅមួយនេះ។” លោក James McCabe បានបន្ត។
“នេះគឺជាការបំពេញតួនាទីដ៏អស្ចារ្យមួយ ដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដែលបានធ្វើឲ្យប្រាកដថា កុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។” លោក James McCabe បាននិយាយបន្ថែម។
នៅក្នុងថ្ងៃនេះ ឯកឧត្តម លោកចៅក្រម អ៊ី ថាវរៈ បានផ្តន្ទាទោសជនល្មើស ជាមួយស្ថានទម្ងន់ទោសដែលសមស្របទៅនឹងទង្វើដែលគេបានប្រព្រឹត្ត ហើយខ្ញុំសូមថ្លែងអំណរគុណទៅដល់តុលាការ ចំពោះមុខឲ្យជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ។
ពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសជាប្តីបានរៀបចំ គម្រោងដុតផ្ទះដើម្បីសម្លាប់ប្រពន្ធកូនទាំង៥នាក់ឲ្យស្លាប់ព្រមគ្នា ក្នុងពេលត្រឹមតែមួយយប់ កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
តាមការសួរចម្លើយពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ នន់ សារ៉េត អាយុ៣៩ឆ្នាំជាប្តីបានសារភាព ជាឃាតករសម្លាប់ប្រពន្ធកូន៥នាក់។
សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងមានករណីអគ្គិភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់ ស្រី១នាក់ត្រូវជាប្រពន្ធ និងកូន ព្រមទាំងសម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ៕