កងរាជអាវុធហត្ថខេត្តកំពត ចាប់ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក
កំពត ៖ ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ។
កាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហេីយ បទល្មេីសឆបោកប្រាក់រាប់ម៉ឺនដុល្លារ
។
បើយោងតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានបញ្ជាឲ្យ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណប័ណ្ណលេខ១០០៧៥៤២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរ ករណីបណ្ដឹងរបស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលប្ដឹងខ្លួនថាបានប្រព្រឹត្តអំពើ ឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។
តាមប្រភពព័ត៌មានដែលទើបទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពតចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដែលចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
ករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្ដឹង ឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោកមានស្ថានទម្ងន់ទោសរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ ឧកញ៉ា ប៉ែន នួន ក៏បានផ្ដិតមេដៃទទួលស្គាល់ផងដែរ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ឧកញ៉ា ប៉ែន នួន តាមនីតិវិធីមុនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិមួយខ្សែ តែជាគម្រោងសាងសង់ខ្យល់ ៕