ក្នុងចំណោមស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈចំនួន៣៧ ដែលបានត្រួតពិនិត្យ មន្ត្រី ក.ប.ប. បានរកឃើញ ដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត
កំពង់ឆ្នាំង ៖ នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យ តាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងន័យពង្រឹងកិច្ចការពារ អ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។
ជាលទ្ធផល មន្ត្រីជំនាញបាន ធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំ នៅខេត្តខាងលើ រកឃើញថា មិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពី អ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញ បានធ្វើការពិន័យអន្តរការណ៍ភ្លាមៗ នៅនឹងកន្លែងតាមនីតិវិធី៕