ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការសុវត្ថិភាព អំឡុងពេលប្រកាស លទ្ធផលប្រឡងបាក់ឌុប ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញ

270

 

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចេញការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា ដោយការប្រកាសលទ្ធផលប្រឡង នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណីថ្មីនៃវីរុសកូវីដ-១៩។ ក្នុងន័យនេះ ក្រសួងសូមស្នើ ឯកឧត្តម លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែងក្នុងពេលប្រកាសលទ្ធផល ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចមានចែងក្នុងលិខិត។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជម្រាបជូនលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឯកឧត្តម លោក លោកស្រី សាកលវិទ្យាធិការ នាយក គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដែលប្រើប្រាស់ជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ស្តីពីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមជម្រាបជូន ឯកឧត្តម លោក លោកស្រី ជ្រាបថា៖ ក្រសួងនឹងប្រកាស លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណ៍ថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួង សូមស្នើ ឯកឧត្តម លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្ដែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចខាងក្រោម ៖

១. ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់ នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ។

២. រៀបចំទីតាំងបិទផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬ ទីកន្លែងប្រមូលផ្តុំ នៃ និស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬ សិស្សានុសិស្ស ដែលមិន ពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាត

៣. ចងខ្សែសញ្ញា ឬ ដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាចធ្វើទៅបាន

៤. បិទផ្សាយសន្លឹកលទ្ធផលប្រឡង ឱ្យបាននៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្តារខៀន ផ្ទាំងបិទប្រកាស ឬ បញ្ហារផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញនៃបេក្ខជនប្រឡងនីមួយៗ រួច

៥. ចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡង ហើយ) ឬ ការបាញ់អាកុល (តាមលទ្ធភាពជាក់ស្ដែង) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង

៦. ណែនាំឱ្យបេក្ខជន ដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡង បន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែរបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ៕

អត្ថបទដែលជាប់ទាក់ទង