ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ជួបពិភាក្សាការងារ ជាមួយតំណាងគណបក្សនយោបាយចំនួន ៣ និងតំណាងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត

46

 

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៣ គ.ជ.ប ស្តីពីការជួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយតំណាង គណបក្សនយោបាយចំនួន ៣ និងតំណាងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។

ដោយមានការអនុញ្ញាតពី គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញ តំណាងគណបក្សនយោបាយចំនួន ៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សា លើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្ដីការ គ.ជ.ប ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក។

នៅក្នុងជំនួបពិភាក្សានោះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គណបក្សនយោបាយអាចថត នៅមុខការិយាល័យបោះឆ្នោត នៅពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយ អាចទៅទទួលយកទម្រង់បែបបទ ១១០២ ដដែលនេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ទម្រង់បែបបទ ១១០២ នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាង គណបក្សនយោបាយ ដែលមានវត្តមាននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។

លោក ទេព នីថា បានបញ្ជាក់ថា ហេតុផលដែលមាន ការកែប្រែលើចំណុចនេះ ដោយសារតែប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល បានផ្ដល់ថវិកាមួយចំនួន ដើម្បីឱ្យ គ.ជ.ប មានលទ្ធភាពទិញកុំព្យូទ័រ និងម៉ាស៊ីន Scanner សម្រាប់ផ្ដល់ជូនទៅដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងការបំពេញការងារនាពេលខាងមុខ។ លោកបន្តថា ការបោះឆ្នោតកន្លងមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពុំមានសម្ភារឧបករណ៍ទាំងនោះទេ។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយនូវ កំហុសឆ្គងមួយចំនួន ដែលធ្លាប់មានការឆកល្វែង ដែលកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោតជាអ្នកចែកជូនទម្រង់បែបបទ ១១០២ ដល់តំណាង គណបក្សនយោបាយ ដោយផ្ទាល់ដៃវិញ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បន្តថា ការបោះឆ្នោតកន្លងមក មន្ត្រីការិយាល័យបោះឆ្នោត ត្រូវចម្លងលទ្ធផលនៃការរាប់ សន្លឹកឆ្នោតដោយដៃជាច្រើនច្បាប់ ចែកជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាននៅ ការិយាល័យបោះឆ្នោត។ លើសពីនេះទៀត ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស ១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោត អាចនឹងមានការថ្លោះធ្លោយ នៅក្នុងការ សរសេរចម្លងលទ្ធផល នៃការបោះឆ្នោតដោយដៃ។
សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២២ ខាងមុខ គ.ជ.ប បានធ្វើការកែសម្រួល ត្រង់ចំណុចនេះ ដោយភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ ១១០២ ដដែល គ្រាន់តែពីមុនទទួលដោយ ផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែពេលនេះត្រូវមកទទួល ដោយផ្ទាល់ដៃនៅ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ ក្នុងថ្ងៃបោះឆ្នោតដដែល។ ម្យ៉ាងទៀត សាធារណជនក៏អាចចូលមើល លទ្ធផលនៃការបោះឆ្នោតនៅ លើគេហទំព័ររបស់ គ.ជ.ប ផងដែរ។

លោកឯកឧត្តម ទេព នីថា បានពន្យល់ទៀតថា កន្លងមកតួលេខនៅលើ ទម្រង់បែបបទ ១១០២ មានខុសតែបន្តិចបន្តួច មិនធ្វើឱ្យប៉ះពាល់ដល់ លទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះ ឬមហាជនមួយចំនួនថតបង្ហោះ ផ្សព្វផ្សាយលើបណ្ដាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំអំពីលទ្ធផល នៃការបោះឆ្នោត។ មូលហេតុទាំងនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការកែសម្រួល ដើម្បីឱ្យលទ្ធផល នៃការបោះឆ្នោតកាន់ តែមានភាពសុក្រឹត តម្លាភាព ហើយដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន។

ទោះបីជា គ.ជ.ប បានពន្យល់ហេតុផល សព្វគ្រប់យ៉ាងណាក៏ដោយ ភាគីខាង គណបក្សនយោបាយទាំង ៣ នៅតែទទូចរក្សាជំហរ ទាមទាររបស់ខ្លួនដដែល។ ភាគីគណបក្សនយោបាយទាំង ៣ ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផ្តល់ឱកាសឱ្យ គណបក្សនយាបាយបាន ជួបពិភាក្សាផ្ទាល់លើចំណុចខ្វែងគ្នា។

លោកអគ្គលេខាធិការ គ.ជ.ប បានបន្តថា គ.ជ.ប នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវជួបពិភាក្សា ការងារជាមួយភាគី ពាក់ព័ន្ធនឹងការបោះឆ្នោត ហើយលោក បានថ្លែងអំណរគុណ ដល់គណបក្សនយោបាយ និងអង្គការខុមហ្វ្រែលដែល បានចូលរួមផ្តល់អនុសាសន៍ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នាត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ភាគីទាំងពីរបានវាយតម្លៃចំពោះ ជំនួបពិភាក្សាដោយផ្ទាល់នេះថា វាជាការយោគយល់គ្នា និងបានជជែកគ្នាត្រង់ ទៅត្រង់មក។ ជំនួបពិភាក្សារយៈ ពេលប្រមាណជា ២ម៉ោង បានបញ្ចប់ទៅដោយ ភាពស្និទ្ធស្នាល៕

អត្ថបទដែលជាប់ទាក់ទង