ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចល័ត ក្រសួងសាធារណការ ឃាត់រថយន្តដឹកលើសទម្ងន់ តាមដងផ្លូវនៅខេត្តកំពង់ស្ពឺ, រកឃើញរថយន្ត៤គ្រឿង លើសទម្ងន់កំណត់ ដោយពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ

74

កំពង់ស្ពឺ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសហការ មន្ត្រីស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធបាន ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន០៤គ្រឿង ដឹកខ្សាច់ និងដី ដោយផាកពិន័យជាប្រាក់ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់នៅចំណុច ផ្លូវជាតិលេខ៤៤ ត្រង់គ.ម ១២៣ ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូមរួមពីសំណាក់លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់ គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀតផងដែរ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ ក៏បានពន្យល់ណែនាំ ដល់ម្ចាស់រថយន្តឱ្យយល់ ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូន លើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ការតាមនីតិវិធី ដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូច បំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។

ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូន ទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្ត តាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង