ស្លាប់៣នាក់ដោយរន្ទះបាញ់ស្លាប់ ក្នុងពេលតែមួយ
ពោធិ៍សាត់៖រន្ទះបាញ់បុរសម្នាក់ស្លាប់ពេលកំពុងមើលត្រាក់ទ័រភ្ជួរដីចំការ និងស្ត្រី២នាក់ស្លាប់ ពេលកំពុងដាំដំឡូងមី នៅចំណុចអូរឆ្ពេះក្នុងចំការតែមួយ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ មានម្នាក់ឈរមើលត្រាក់ទ័រភ្ជួរដី ពីរនាក់ទៀត កំពុងដាំដំឡូងមី មួយសន្ទះក្រោយមក ផ្ទៃមេឃមានភាពខ្មៅងងិតលាយលំភ្លៀង ខ្យល់ ផ្គរន្ទះ មិនបានប៉ុន្មាន ស្រាប់តែរន្ទះបាញ់ឆក់យកជីវិតកសិករទាំង៣នាក់ បណ្តាលឱ្យស្លាប់នៅក្នុងចំការ ត្រង់ចំណុចខាងលើ ។ ក្រុមគ្រួសារនិងអ្នកទៅជាមួយយកសាកសពជនរងគ្រោះ មកធ្វើបុណ្យនៅលំនៅដ្ឋាន របស់ជនរងគ្រោះរៀងៗខ្លួន ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពដដែលនបានបន្តថា ជនរងគ្រោះ ឈ្មោះ ឆម សំណាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ត្រូវរន្ទះបាញ់ស្លាប់នៅចំណុចព្រំជ័យ ភូមិអូរបាក់ត្រា ទី២.ឈ្មោះ វ៉ិន សុណុំ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ និងទី៣.ឈ្មោះសាម លីដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករអ្នកទាំងពីរត្រូវរន្ទះបាញ់ស្លាប់នៅចំណុចអូរឆ្ពេះ ខាងកើតភ្នំ ស្ថិតក្នុង ភូមិអូរបាក់ត្រា (ក្នុងចំការតែមួយ)។
សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះ ដោយមិនឱ្យបងប្អូនប្រជាកសិករជ្រកភ្លៀង នៅក្រោមដើមឈើ ឬកាន់វត្ថុអ្វីដែលអាចងាយឆ្លងចរន្ត និងងាយរងគ្រោះ ដោយរន្ទះបាញ់ ។ សូមចៀសវាងឱ្យឆ្ងាយដើម្បីផុតពីការរងគ្រោះថ្នាក់៕