ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន អតីតសមាជិកព្រឹទ្ធសភាហៃទីមួយរូប ដែលជាប់សង្ស័យ ក្នុងការធ្វើឃាត ប្រធានាធិបតី នៃប្រទេសហៃទី

137

 

ម៉ៃអាមី៖ សមត្ថកិច្ចចាប់ខ្លួន អតីតសមាជិកព្រឹទ្ធសភាហៃទីមួយរូប ដែលជាប់សង្ស័យ ក្នុងការធ្វើឃាតប្រធានាធិបតី នៃប្រទេសហៃទី នៅក្នុងប្រទេសហ្សាម៉ាអ៉ីក។ នេះបើតាមអាជ្ញាធរហ្សាម៉ាអ៉ីក ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរហ្សាម៉ាអ៉ីក បានឱ្យដឹងថាអតីតសមាជិកព្រឹទ្ធសភាហៃទី លោក ហ្សង់ ហ្សូអែល ហ្សូសែប (Jean Joel Joseph) និងមនុស្ស ៣នាក់ទៀតដែលជាសមាជិក គ្រួសាររបស់លោក ៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតហ្សាម៉ាអ៉ីក បានផ្ដល់ដំណឹង ដល់អាជ្ញាធរហៃទី ដែលបានបញ្ជាក់ថាលោក Joseph គឺជាមនុស្សម្នាក់ដែល អាជ្ញាធរកំពុងតាមចាប់ ដោយលោកជាប់សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការ ធ្វើឃាតប្រធានាធិបតីហៃទី លោក ហ្សូវេណែល ម៉ូអ៉ីស (Jovenel Moise)។

គួរបញ្ជាក់ថា ប្រធានាធិបតីហៃទី លោក ហ្សូវេណែល ម៉ូអ៉ីស (Jovenel Moise) ត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ហើយមនុស្សច្រើនជាង ៤០នាក់ ក្នុងនោះរួមទាំងជនជាតិកូឡុំប៊ី និងពលរដ្ឋអាមេរិក ដើមកំណើតហៃទី ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការលួចធ្វើឃាតនេះ៕

អត្ថបទដែលជាប់ទាក់ទង