ទុកម៉ូតូមិនបានដកកូនសោរចេញ ត្រូវចោរលួច នៅចំណុចផ្សារព្រែកតូច
កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសបុកឈ្មោះ វេងហុង សុខហ័ង ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ខ្ញុំបានបាត់ម៉ូតូ Honda 021 មានស្លាកលេខ 1AM-4587 ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានភស្តុតាងចោរពីកាមេរ៉ាសុវត្ថិភាព ជិះកង់ពណ៌លឿង ដោយបានលួចម៉ូតូរួចទុកកង់នៅកន្លែងកើតហេតុ ដោយមានភិនភាគនិងភស្តុតាងចោរហើយតែមិនអាចរកឃើញ ខ្ញុំសូមអំពាវនាវដល់ស្នងការជួយខ្ញុំផង ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឲ្យចុះស្រាវជ្រាវករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។
ជាលទ្ធផល ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទី ឈ្មោះ លាង តិចអ៊ីម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង បានទៅទិញឥវ៉ាន់នៅផ្សារព្រែកតូច ដើម្បីយកមកលក់ ។ លុះដល់ម៉ោងប្រហែលម៉ោង៩និង០៨នាទី ជនរងគ្រោះបានជិះម៉ូតូមកតូបលក់(មិនបានដកកូនសោរម៉ូតូចេញ)ក៏បានរើអីវ៉ាន់ចេញពីម៉ូតូ ។ ពេលនោះក៏មានជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ(មើលតាមកាមេរ៉ាសុវត្ថិភាព)បានជិះកង់០១គ្រឿងពណ៌ទឹកក្រូចស្រទបមុខនិងក្រោយពណ៌ទឹកប្រាក់កែបពណ៌ខ្មៅយកមកទុកកៀនតូបរួចក៏បានលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្តាល 1AM.4587 ជារបស់ជនរងគ្រោះជិះទៅបាត់ ។
លុះដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ។ ចំពោះករណីខាងលើនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីយកមកអនុវត្តតាមនីតិវិធី ។