ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ខែមករានេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ My Lady គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Sokhavisa My Lady ដែលបានកំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ Ny lady គ្មានលេខបញ្ជិកា និងគ្មានច្បាប់ អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ឋដទៃទៀតដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថ Ny lady, ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕