ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សម្ពោធដាក់ឲ្យប្រើប្រាស់ ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង តាកែវ

45

 

តាកែវ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរ​សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបាន ថ្លែងអំណរគុណថ្មាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និង លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាង ព្រះបដិមាព្រះសិអារ្យ បុស្បុក សម្រាប់ ទុកជាទី សក្ការៈ និងគោរពបូជា ។

លោកជំទាវបានបន្តទៀតថា កាលពី ៤៣ឆ្នាំមុន ប្រទេសកម្ពុជាបានឆ្លងកាត់ នូវសង្គ្រាមរាំរ៉ៃវិស័យទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានបំផ្លិចបំផ្លាញ ចំណែកឯព្រះសង្ឃ ត្រូវបានចាប់ផ្សឹក វត្តអារាមបានក្លាយជា ទីកន្លែងឃុំឃាំង។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្ត នូវនយោបាយ ឈ្នះ ឈ្នះ បានកសាងប្រទេសពី បាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ។

លោកជំទាវបន្តទៀតថា តាមរយៈ សមិទ្ធិផលទាំងនេះ គឺពិតជាបានចូលរួម ចំណែកក្នុងការពង្រឹងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត ។ ម៉្យាងទៀតបានចូល រួមចំណែកក្នុងការ លើកសោភណ្ឌភាពរបស់ខេត្តផង ដើម្បីទាញចំណូលពីវិស័យទាំងនេះ ក្នុងការក្លាយទៅជារមណីយដ្ឋាន ទេសចរណ៍ព្រះពុទ្ធសាសនាផង និងកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវក៏បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរព តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕សំរិត

អត្ថបទដែលជាប់ទាក់ទង