ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលា ស្តីពីការចាកចេញ ប្រកបដោយចីរភាព របស់កម្ពុជា ពីចំណាត់ក្រុមប្រទេស អភិវឌ្ឍន៍តិចតួច

38

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូZoom ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជាមួយនឹងសមភាគី លោកស្រី Pauline Thamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើក “សិក្ខាសាលាស្តីពីការចាកចេញ ប្រកបដោយចីរភាពរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ដែលរៀបចំដោយ ក្រសួងផែនការ សហការជាមួយនឹង ការិយាល័យសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង យូអិនអេស្កាប់ ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល និង តំណាងស្ថាប័នអង្គការសហប្រជាជាតិ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្រោមការប្រគល់ ភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្រសួងផែនការ ដឹកនាំនិងសម្របសម្រួលការងាររៀបចំរបាយការណ៍ និងការងារផ្សេងទៀតពាក់ព័ន្ធ នឹងដំណើរការនិងការត្រៀមរៀបចំ ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីអន្តរការដោយរលូនសម្រាប់ អនុវត្តន៍ក្រោយការចាកចេញ ហើយក៏ជាសិក្ខាសាលា លើកទីមួយស្តីពីដំណើរការ និងការត្រៀមរៀបចំការ ចាកចេញប្រកបដោយ ចីរភាពរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេស អភិវឌ្ឍន៍តិចតួច ដែលមានគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹង អំពីការបំពេញបាននូវលក្ខខណ្ឌ សម្រាប់ការចាកចេញ លើកទីមួយរបស់កម្ពុជានៅឆ្នាំ២០២១ និង អំពីដំណើរការនិងយន្តការ នៃការត្រៀមចាកចេញ នៅក្នុងបរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងបរិស្ថាន និងយន្តការនៃ កម្មវិធីសកម្មភាពទីក្រុងដូហា ២០២២-២០៣១ (Doha Programme of Action, 2022-2031 – DPoA, 2022-2031)។ វាគ្មិនជាតំណាងយូអិនអេស្កាប់ និងវាគ្មិននៃក្រសួងផែនការ នឹងចូលរួមធ្វើបទបង្ហាញ នៅក្នុងសិក្ខាសាលានេះ ផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងកសាងប្រទេស ព្រមទាំងការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចនៅកម្ពុជា ក្រោយពីវិនាសកម្មដ៏ធំធេង លើគ្រប់វិស័យដែលបន្សល់ទុកឲ្យ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ផ្តើមធ្វើឡើងជាបណ្តើរៗ ពីចំណុចសូន្យ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយមានការចូលរួម យ៉ាងសស្រាក់សស្រាំ ពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិទាំងមូល ព្រមទាំងការឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តជាតិ ជាពិសេស ចាប់ពីក្រោយការអនុវត្ត “គោលនយោបាយឈ្នះឈ្នះ” ដែលធានាឲ្យមាននូវ បុរេលក្ខខណ្ឌ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ គឺសន្តិភាពពេញលេញ រួមជាមួយនឹង យុទ្ធសាស្រ្ត, គោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្កម-សេដ្ឋកិច្ច ដ៏សមស្របទាំងឡាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍ ទាំងអស់នេះ បាននាំមកនូវវឌ្ឍនភាពយ៉ាងធំធេង និងឆាប់រហ័ស រហូតបានប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប នៅឆ្នាំ២០១៦។

ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិ ថា បានបំពេញបាននូវលក្ខខណ្ឌ ចាំបាច់ទាំងបី ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុម នៃប្រទេសអភិវឌ្ឍតិចតួច គឺកម្ពុជាមាន (១) ផលទុនជាតិសរុប សម្រាប់មនុស្សម្នាក់ (GNI per Capita) ១.៣៧៧ដុល្លារ ខ្ពស់ជាងលក្ខខណ្ឌកំណត់ ដែលតម្រូវឲ្យមានតម្លៃទាបបំផុត ១.២២២ដុល្លារ, (២) សន្ទស្សន៍ធនធានមនុស្ស (Human Assets Index – HAI) ៧៤,៣ពិន្ទុ ខ្ពស់ជាងលក្ខខណ្ឌកំណត់ ដែលតម្រូវឲ្យមានពិន្ទុទាបបំផុត ៦៦ពិន្ទុ, និង (៣) សន្ទស្សន៍ភាពងាយរងគ្រោះ នៃសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environment Vulnerable Index) ៣០,៦ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ ដែលតម្រូវឲ្យមានពិន្ទុខ្ពស់បំផុត ៣២ពិន្ទុ។

ឯកឧត្តមបានបន្ថែមថា ការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទីមួយ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុម នៃប្រទេសអភិវឌ្ឍតិចតួចនេះ គឺជាការចាប់ផ្តើម នៃរបត់ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា ដែលបញ្ជាក់ពីផល នៃកិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់នូវ កិច្ចខិតខំប្រឹងប្រែងនេះ ពីសហគមន៍អន្តរជាតិ។ ដំណើរការនៃការចាកចេញ តម្រូវឲ្យកម្ពុជាបំពេញ បាននូវលក្ខខណ្ឌចាំបាច់ ទាំងបីខាងលើម្តងទៀត ជាលើកទីពីរ នៅឆ្នាំ២០២៤ រួមជាមួយនឹង ការពិនិត្យអំពីស្ថានភាពនៃភាពងាយរងគ្រោះ (Vulnerability profiles) និងការវាយតម្លៃជា មុនអំពីផលប៉ះពាល់នៃការចាកចេញ (Ex-Ante impact assessment) ដែលក្នុងករណីបំពេញបាន កម្ពុជានឹងត្រូវបានស្នើឱ្យចាកចេញ ចំណាត់ក្រុមនៃ ប្រទេសអភិវឌ្ឍតិចតួច។ ការចាកចេញនឹងត្រូវចូលជាធរមាន នៅបីឆ្នាំបន្ទាប់ គឺនៅឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ កម្ពុជាត្រូវមានយុទ្ធសាស្ត្រជាតិ អំពីអន្តរកាលដោយ រលូនមួយ (A National Smooth Transition Strategy) ដើម្បីធានាថា ការអភិវឌ្ឍប្រទេស នឹងមិនត្រូវបានរងការប៉ះពាល់ ដោយសារការចាកចេញ ហើយត្រូវចាប់អនុវត្តក្រោយ ការចាកចេញចូលជាធរមាន។
ចំពោះលទ្ធផលនៃការវាយតម្លៃ នៃការបានបំពេញបាន នូវលក្ខខណ្ឌចាំបាច់លើកទីមួយ នៅឆ្នាំ២០២១ខាងលើ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គឺផ្អែកលើទិន្នន័យមុន ពេលការកើតមានជំងឺកូវីដ-១៩។ វិបត្តិនៃជំងឺកូវីដ-១៩ បានជះផលប៉ះពាល់អវិជ្ជមាន ដោយឥតព្រាងទុក ទៅលើវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានដែលកំពុងមាន ដំណើរការវិជ្ជមាន និងដោយរលូន ជាពិសេស ទៅលើគ្រប់ទិដ្ឋភាពទាំងអស់ នៃជីវភាពរស់នៅ របស់ប្រជាជន ក៏ដូចជា ទៅលើវិស័យដែលជាចន្ទល់ នៃសេដ្ឋកិច្ច ដូចជា វិស័យទេសចរណ៍ និង វិស័យកម្មន្តសាលកាត់ដេរ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់ មានការរីកចម្រើន ក្នុងអត្រាមួយថេរ ក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំៗ បានជួបប្រទះនឹងកំណើនអវិជ្ជមាន (-៣,១%) នៅឆ្នាំ២០២០ ហើយ អត្រាភាពក្រីក្រ ដែលយោងតាម វិធីសាស្ត្រគណនាថ្មី បានកើនឡើងដល់ ១៧,៨% ដែលមួយផ្នែក គឺដោយសារការបាត់បង់ និងព្យួរការងារ នៅក្នុងវិស័យកម្មន្តសាល កាត់ដេរនិងវិស័យទេសចរណ៍។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ ជាបាតុភូតសកល ដែលគ្រប់ប្រទេស លើសកលលោក បានទទួលរង។ នៅកម្ពុជា ការធ្លាក់ចុះអាចមានក្នុងទំហំ មិននឹកស្មានដល់ ប្រសិនបើគ្មានការឆ្លើយតប យ៉ាងទាន់ពេល ប្រកបដោយស្មារតីប្រុងប្រយ័ត្ន បុរេសកម្ម និងទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល គួបផ្សំនឹង យុទ្ធនាការចាក់វ៉ាក់សាំង បានរហ័សនិងទូលំទូលាយ ដែលធ្វើឲ្យការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍មានកម្រិតមធ្យម និងស្ថិតនៅក្រោម ការគ្រប់គ្រងបាន។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញ និងអនុវត្តនូវកញ្ចប់វិធានការ អន្តរាគមន៍ចំនួន១០ជុំ ជាបន្តបន្ទាប់ និងយន្តការចំពោះមុខជាច្រើនទៀត ដើម្បីទ្រទ្រង់និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ និងជួយទំនុកបម្រុង ដល់ជីវភាពប្រចាំថ្ងៃរបស់ គ្រួសារក្រីក្រនិងងាយរងគ្រោះ។ ជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមការវាយតម្លៃ ពាក់កណ្តាលឆ្នាំរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីជាមាន “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានអត្រាកំណើន ២,៤% នៅឆ្នាំ២០២១។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្ដារកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និងក្នុងរយៈពេលមធ្យម ប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏ដូចជា ដើម្បីដាក់ចេញនូវ គោលនយោបាយ ជាយុទ្ធសាស្រ្ត សំដៅពង្រឹងភាព ធន់សង្គម-សេដ្ឋកិច្ច (socio-economic resilience) ក្នុងរយៈពេលវែង តាមរយៈសសរស្តម្ភ ៣ គឺ ការស្តារ(Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resilience)៕

អត្ថបទដែលជាប់ទាក់ទង