បង្កើតគណៈកម្មការ សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ សិក្ខាសាលាមួយត្រូវបាន រៀបចំធ្វើឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១៧មករាដើម្បីបង្កើត គណៈកម្មការចូលរួមគាំទ្រនិងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះធ្វើ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ក្រោមវត្តមានឯកឧត្តម សែម សុខា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងឯកឧត្តមវ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រោមឱវាទក្រសួងជាច្រើនទៀត។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតគណៈកម្មការខាងលើ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ស៊ីជម្រៅចំពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដល់ថ្នាក់ដឹកនាំ មន្ដ្រីក្រសួង ព្រមទាំងអង្គការជាតិ អន្ដរជាតិ ដែលបម្រើការងារលើវិស័យពិការភាពឲ្យបានជ្រួតជ្រាប និងផ្សព្វផ្សាយបន្ដទៅថ្នាក់ក្រោមជាតិ។
គោលដៅនិងតួនាទីភារកិច្ចរបស់គណៈកម្មការនេះ មានដូចជា៖សម្របសម្រួលនិង ជាជំនួយរដ្ឋបាលជូនឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាអនុប្រធាន CAMSOC និង CAMAPGOC។ផ្សព្វផ្សាយខ្លឹមសារ និងចែកចាយខិតប័ណ្ណរបស់ CAMSOC និង CAMAPGOC ជូនមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
រៀបចំកិច្ចប្រជុំ សិក្ខាសាលា ឬបណ្ដុះបណ្ដាល ដើម្បីចែករំលែកព័ត៌មានរបស់ CAMSOC និង CAMAPGOC។សហការជាមួយ CAMSOC និង CAMAPGOC អង្គការជាតិ និងអន្ដរជាតិ បម្រើការក្នុងវិស័យជនមានពិការភាព ដើម្បីរៀបចំយុទ្ធសាស្ដ្រចូលរួមមុនព្រឹត្តិការណ៍ ក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ចូលរួមសហការជាមួយអង្គការជាតិ អន្ដរជាតិ និងមណ្ឌលជនពិការក្នុង ការរៀបចំលេងកីឡា ដើម្បីសុខភាព ចូលរួមប្រកួត និងក្នុងនាមជាម្ចាស់ផ្ទះតាម គោលការណ៍ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ។រៀបចំចងក្រងឯកសាររបាយការណ៍ និងបោះពុម្ពសៀវភៅប្រវត្តិសាស្ដ្ររបស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការចូលរួម ក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ និងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។រៀបចំផែនការសកម្មភាព និងកៀគរមូលនិធិគាំទ្រដើម្បីមាន លទ្ធភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានសម្ដែងការគាំទ្រពេញទំហឹង ព្រោះនេះគឺជាលើកដំបូងហើយ ដែលស្ថាប័នរបស់រដ្ឋ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាបែបនេះឡើង ដើម្បីគាំទ្រដល់ចលនា និងផ្សព្វផ្សាយពីគុណតម្លៃដ៏សំខាន់ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
ឯកឧត្តមចាត់ទុក ថា នេះគឺជាស្មារតីមួយ តាមការអំពាវនាវរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC តែងតែលើកកម្ពស់ និងផ្ដល់អនុសាសន៍ណែនាំថា ក្រសួង-ស្ថាប័នទាំងអស់ គួរតែធ្វើការបំផុសចលនានេះ ឲ្យបានសស្រាក់សស្រាំទាំងអស់គ្នា ពិសេសការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏សម្ដេចមានប្រសាសន៍ឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរឲ្យមានការគាំទ្រក្នុងការផ្សព្វផ្សាយនេះដែរ។
នេះគឺជាសិក្ខាសាលាទី១ហើយ របស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរៀបចំជាសិក្ខាសាលា ដើម្បីបំផុសចលនាឲ្យមន្ដ្រីរាជការនៅក្រោមឱវាទក្រសួងបានជ្រួតជ្រាប ពីគុណតម្លៃរបស់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ហើយឲ្យពួកគាត់ចូលរួមក្នុងការធ្វើកិច្ចការងារទាំងអស់នេះ។ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងមួយមានសារសំខាន់ ក្នុងការជួយជ្រោមជ្រែងក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់យើង។
នេះជាកាយវិការដ៏ប្រពៃមួយ ហើយជាគំរូមួយដល់ក្រសួង-ស្ថាប័នផ្សេងៗទៀត ឲ្យខិតខំប្រឹងប្រែង និងរៀបចំបំផុសចលនាកីឡានេះ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការរបស់ខ្លួន។ មានតែការធ្វើបែបនេះទេ ដែលយើងអាចរួមគ្នា ហើយឈានដល់គោលដៅ ប្រជាជនម្នាក់ ជាម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕